ក្រសួងរៀបចំដែនដី ណែនាំឲ្យម្ចាស់គម្រោងអភិវឌ្ឍដី សំណង់ និងលំនៅដ្ឋានទាំងអស់ត្រូវរៀបចំសួនច្បារជ្រាបទឹក និងដាំដើមឈើប្រណីត

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១៩ ខែសីហា បានសេចក្តីណែនាំឱ្យម្ចាស់គម្រោងអភិវឌ្ឍដី គម្រោងសាងសង់ ឬសំណង់ផ្សេងៗ ត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព ព្រមទាំងរៀបចំប្រអប់សំបុត្រនៅតាមគម្រោងអភិវឌ្ឍន៍ គម្រោងសាងសង់ និងសំណង់នានារបស់ខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងបញ្ជាក់ថា ម្ចាស់គម្រោងអភិវឌ្ឍដី គម្រោងសាងសង់ ឬម្ចាស់សំណង់ទាំងអស់ ត្រូវរៀបចំសួនច្បារជ្រាបទឹក និងដាំដើមឈើប្រណីត ដូចជា ធ្នង់ នាងនួន គ្រញូង និងរៀបចំសួនបៃតងមានដាំស្មៅ និងផ្កាដែលមានក្លិនក្រអូបនៅក្នុងគម្រោងនីមួយៗឱ្យបានស្អាតដើម្បីលើកសោភណភាពទីក្រុង។

ទន្ទឹមនឹងនោះ ក្រសួងក៏បានណែនាំឲ្យរៀបចំប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ឬអាងប្រព្រឹត្តកម្មសំណល់រាវ ដើម្បីសម្អាតទឹកកខ្វក់ ឬសំណល់រាវ មុននឹងបង្ហូរចូលទៅក្នុងប្រព័ន្ធលូសាធារណៈ ឬតំបន់ទឹកសាធារណៈ ដោយត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមស្តង់ដាបញ្ចេញទឹកកខ្វក់ ឬកម្រិតកំណត់ស្តង់ដានៃការបញ្ចេញ សំណល់រាវនៅគ្រប់គម្រោងទាំងអស់។

បន្ថែមលើសពីនេះ ក៏ត្រូវរៀបចំឱ្យមានធុងសំរាមរួម សម្រាប់រក្សាទុកនូវកញ្ចប់សំរាម សំណល់រឹងដែលបានវេចខ្ចប់ដោយថង់ក្នុងទីតាំង ឬបរិវេណគ្រប់គ្រងរបស់ខ្លួន និងធុងរក្សាទុកសំរាមសំណល់រឹងនៅតាមចំណែកដី ឯកជននីមួយៗ និងច្រកយកសំរាមចេញ ព្រមទាំងគ្រប់គ្រងអនាម័យសមស្របតាមបទដ្ឋានបច្ចេកទេសនៅគ្រប់គម្រោងអភិវឌ្ឍដី គម្រោងសាងសង់ ឬសំណង់ទាំងអស់ផងដែរ៕