រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា គម្រោងស្ថាបនាផ្លូវជាតិថ្មីពីរខ្សែបានសិក្សាចប់ហើយ រង់ចាំតែថ្ងៃបើកការដ្ឋានប៉ុណ្ណោះ។
លោករដ្ឋមន្រ្តីស៊ុន ចាន់ថុល បានប្រាប់ទីភ្នាក់ងារ JICA របស់ជប៉ុនពីការបញ្ចប់ការសិក្សាផ្លូវជាតិពីរខ្សែ ដោយមួយខ្សែភ្ជាប់ពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ និងមួយខ្សែទៀតពីខេត្តបាត់ដំបងទៅកាន់ខេត្តសៀមរាប។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ផ្លូវជាតិទាំងពីរខ្សែជាផ្លូវប្រវត្តិសាស្រ្តកាត់ពីខេត្តមួយទៅខេត្តមួយ ចំណេញរាប់រយគីឡូម៉ែត្រ។
ផ្លូវជាតិថ្មីដែលគ្រោងសាងសង់ពីសៀមរាបទៅបាត់ដំបង មានប្រវែងតែជាង ៧០ គីឡូម៉ែត្រ ជិតជាងផ្លូវចាស់ជាង ១០០ គីឡូម៉ែត្រ។ ចំណែកផ្លូវជាតិភ្ជាប់ពីផ្លូវជាតិលេខ ៦ ក្នុងខេត្តកំពង់ធំ ទៅដល់ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ជាផ្លូវប្រវត្តិសាស្ត្រមិនធ្លាប់មានឆ្លងកាត់កណ្តាលប្រទេសកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្ត្រីក៏លើកពីការពង្រីកប្រព័ន្ធដឹកជញ្ជូនតាមផ្លូវដែក ដោយសារទំហំនៃការដឹកជញ្ជូនទំនិញតាមផ្លូវដែកមានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ចង់ឃើញការដឹកជញ្ជូនទំនិញតាមផ្លូវដែកនៅកម្ពុជាមានទំហំកាន់តែធំឡើងដើម្បី កាត់បន្ថយការខូចខាតផ្លូវថ្នល់ ខណៈដែលក្រសួងកំពុងរៀបចំបញ្ចប់យុទ្ធសាស្ត្រ អភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា ហើយគ្រោងដាក់ជូនប្រមុខរាជរដ្ឋាភិបាលសុំការឯកភាពនាពេលខាងមុខនេះ៕