ក្រុមហ៊ុន WH Group ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ និងផលិតសាច់ជ្រូកធំបំផុតក្នុងពិភពលោក បានរាយការណ៍ពីការខាតបង់ថវិការហូតដល់ ១,៤ ពាន់លានដុល្លារឯណោះកាលពីសប្ដាហ៍មុន។

រឿងរ៉ាវផ្ដើមចេញពីអតីតប្រធានក្រុមហ៊ុន Wan Hongjian ត្រូវបានបោះឆ្នោតដកសិទ្ធិជាប្រធាន ក្រោយធ្វើឲ្យក្រុមហ៊ុនជួបបញ្ហាកាលពីខែមិថុនា ប៉ុន្តែលោកបែរជាចោទប្រកាន់ឪពុក Wan Long ដែលជាស្ថាបនិក WH Group និងអតីតប្រធានផ្នែកហិរញ្ញវត្ថុថា ជាអ្នកធ្វើការសម្រេចចិត្តខុសទៅវិញ ទើបបណ្ដាលឲ្យក្រុមហ៊ុនបាត់ចំណូលបែបនេះ។

ក្នុងការចោទប្រកាន់់ទៅឪពុក និងអតីតប្រធានផ្នែកហិរញ្ញវត្ថុ ដែលបានព្រមឲ្យនាំចូលសាច់ជ្រូកជិត ១០ ម៉ឺនតោនពីសហរដ្ឋអាមេរិក ក្នុងតម្លៃខ្ពស់ជាងទីផ្សារក្នុងស្រុក ដែលនាំឲ្យមានការខាតបង់ច្រើនជាង ៨០០ លានយ័ន ឬប្រមាណ ១២៣,២ លានដុល្លារ។

យ៉ាងណា ការចោទប្រកាន់ត្រូវបានច្រានចោលទាំងស្រុងពីថ្នាក់ចាត់ការ និងថ្នាក់ដឹកនាំក្រុមហ៊ុន ផ្ទុយទៅវិញគ្រប់គ្នាថែមទាំងចោទប្រកាន់បកទៅបុរសវ័យ ៥២ ឆ្នាំវិញទៀត ក្រោមហេតុផល “និយាយមិនពិត និងបំភាន់ទំនុកចិត្ត” កាលពីថ្ងៃទី ១៨ សីហា។
យ៉ាងណា ថ្ងៃបន្ទាប់មកតម្លៃភាគហ៊ុន WH Group ធ្លាក់ចុះរហូតដល់ ១១,៣% មកសល់ត្រឹម ៥,៩៥ ដុល្លារហុងកុង ឬប្រមាណ ០,៧៥ ដុល្លារអាមេរិក ដែលធ្វើឲ្យក្រុមហ៊ុនខាតបង់ប្រាក់រហូតដល់ ១១,២ ពាន់លានដុល្លារហុងកុង ឬប្រមាណ ១,៤៣ ពាន់លានដុល្លារអាមេរិក។
រីឯលោក Wan Long វិញ ក៏សម្រេចចុះចេញពីតំណែងជា CEO ក្នុងវ័យ ៨០ ឆ្នាំកាលពីថ្ងៃទី ១២ សីហា បន្ទាប់ពីមានរឿងរ៉ាវកើតឡើង តែលោកនៅក្ដោបក្ដាប់ចំណែកភាគហ៊ុន ២៣,៣៤% និងនៅតែដើរតួជាប្រធានជាន់ខ្ពស់មួយរូបក្នុងក្រុមហ៊ុនដដែល។

ដោយឡែក កូនប្រុសម្នាក់ទៀត Wan Hongwei ត្រូវបានតែងតាំងជាប្រធានប្រតិបត្តិ និងអនុប្រធាន ខណៈលោក Guo Lijun ត្រូវបានឡើងតំណែងជា CEO វិញ៕
ប្រភព: scmp