ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានជូនដំណឹងពីការដាក់ឲ្យដំណើរការប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី២ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ តទៅ។
បើយោងតាមសេចក្តីប្រកាសព័ត៌មាន ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ជាការកែទម្រង់មុតស្រួចជាកញ្ចប់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៨ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ។
ការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានជួយឲ្យចំណេញពេលវេលា និងកាត់បន្ថយការចំណាយក្រៅផ្លូវការច្រើន។ ប្រព័ន្ធចុះបញ្ជីថ្មីនេះតម្រូវឲ្យក្រុមហ៊ុនបំពេញទម្រង់ចុះបញ្ជីអាជីវកម្មតែ ១ លើកគត់ដោយចំណាយពេលយ៉ាងយូរ ៨ ថ្ងៃ។ រាល់ទិន្នន័យរបស់ក្រុមហ៊ុនចុះបញ្ជីអាជីវកម្មនឹងត្រូវបញ្ជូនដោយស្វ័យប្រវត្តិទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងការងារ ក្រសួងមហាផ្ទៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារ ដើម្បីត្រួតពិនិត្យ និងអនុម័ត។
ក្រសួង និងស្ថាប័នរដ្ឋយ៉ាងហោចចំនួន ៦ ត្រូវបានដាក់បញ្ចូលក្នុងប្រព័ន្ធអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន រួមមានក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងមហាផ្ទៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារ។