កំពង់ផែស្ងួត Vientiane Logistice Park មានគម្រោងតភ្ជាប់ផ្លូវដែកពីឡាវមកកម្ពុជា ដែលជាមធ្យោបាយដឹកជញ្ជូនមួយធ្វើឱ្យការដឹកជញ្ជូនទំនិញ ពិសេសកសិផលពីកម្ពុជាទៅប្រទេសចិននឹងចំណាយពេលវេលាខ្លីជាងបច្ចុប្បន្ន និងនីតិវិធីងាយស្រួល។ នេះបើតាមអគ្គនាយកក្រុមហ៊ុន កំពង់ផែស្ងួត Vientiane Logistice Park ប្រាប់គណៈប្រតិភូរដ្ឋសភាកម្ពុជា ក្នុងដំណើរទស្សនកិច្ចនៅប្រទេសឡាវ កាលពីថ្ងៃទី១៥ ខែកញ្ញា ដឹកនាំដោយលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។
កំពង់ផែស្ងួត Vientiane Logistice Park ជាគម្រោង វិនិយោគដោយទុននៅក្នុងស្រុកក្នុងទំហំទឹកប្រាក់ប្រមាណជាង៧០០លានដុល្លារ ក្នុងការតភ្ជាប់ផ្លូវដែកពីប្រទេសឡាវទៅប្រទេសចិន និងប្រទេសក្នុងតំបន់អាស៊ាន និងពីឡាវទៅប្រទេសនៅប៉ែកអឺរ៉ុប មានអាល្លឺម៉ង់ជាដើម។ គម្រោងនេះនឹងធ្វើឱ្យប្រទេសឡាវ ដែលគ្មានកំពង់ផែសមុទ្រមានផ្លូវគមនាគមន៍ដឹកជញ្ជូនភ្ជាប់ទៅកាន់ពិភពលោក គឺLand locked to land linked។
ថ្លែងនៅក្នុងឱកាសនោះលោកស្រី ម៉ែន សំអន បានវាយតម្លៃខ្ពស់ចំពោះគម្រោងវិនិយោគដ៏ធំនេះ។ លោកស្រីចាត់ទុកថា គម្រោងនេះជាចក្ខុវិស័យវែងឆ្ងាយមួយ របស់ថ្នាក់ដឹកនាំប្រទេសឡាវ ហើយនេះជាគម្រោងមួយ គួរជាទីមោទនៈណាស់ ពីព្រោះបានប្រើប្រាស់ទុននៅក្នុងស្រុក។
ចំពោះគម្រោងចង់តភ្ជាប់ផ្លូវគមនាគមន៍ចូលមកកម្ពុជានោះ លោកស្រី ម៉ែន សំអន និងពាំនាំគម្រោងនេះជូនថ្នាក់ដឹកនាំហើយបញ្ជាក់ថា កម្ពុជាត្រៀមស្វាគមន៍ជានិច្ច នៅពេលក្រុមហ៊ុនចុះទៅសិក្សានៅកម្ពុជានោះ។
គួររំលឹកថា ថ្មីៗកន្លងទៅ កម្ពុជាកំពុងសិក្សាលើលទ្ធភាពផ្សេងៗ ក្នុងការតភ្ជាប់ផ្លូវរថយន្តភ្លើងល្បឿនលឿនពីប្រទេសឡាវ ដើម្បីលើកកម្ពស់វិស័យដឹកជញ្ជូន ព្រោះការដឹកជញ្ជូនតាមរថភ្លើង មានភាពប្រសើរ និងចំណេញពេលវេលាជាងដឹកជញ្ជូនតាមផ្លូវទឹកផងដែរ។
ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា ថ្លែងប្រាប់ឧកញ៉ាញូស៍ថា ក្រុមហ៊ុនប្រមាណជាង ៣០ របស់កម្ពុជា បានទៅធ្វើទស្សនៈកិច្ចសិក្សានៅប្រទេសឡាវ ដោយមានបំណងស្វែងយល់ និងសិក្សាពីផ្លូវរថភ្លើង ក្នុងការតភ្ជាប់ពីប្រទេសចិន (ទីក្រុងគុនមីង) មកទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ឆ្លងកាត់ប្រទេសថៃ និងមកដល់កម្ពុជា តាមច្រកអន្តរជាតិប៉ោយប៉ែត។
សម្រាប់ការសិក្សាជាជំហានដំបូងនេះ ឧកញ៉ា ស៊ិន ចន្ធី បានបញ្ជាក់បន្ថែមថា៖ «សម្រាប់ប្រតិបត្តិការផ្លូវរថភ្លើងពីចិនមកឡាវ បានដំណើរការហើយ គិតរយៈពេលយ៉ាងយូរបំផុតត្រឹម៣ថ្ងៃក្នុងការដឹកជញ្ជូន។ បើឆ្លងកាត់ថៃ គឺត្រូវការពេលប្រហែល២ថ្ងៃទៀត ទើបដល់កម្ពុជា។ និយាយជារួម យើងវាយតម្លៃថា ការដឹកជញ្ជូនភ្ជាប់ពីទីក្រុងគុនមីង ប្រទេសចិន មកដល់កម្ពុជា អាចនឹងប្រើពេលសរុបប្រហែល១សប្តាហ៍។ ទោះយ៉ាងណា នេះជាការសិក្សាជាបឋម ហើយភាគីកម្ពុជា នឹងបន្តសិក្សាជាមួយឡាវទៀត ដែលត្រូវសម្រួលបែបបទជាច្រើនដូចជា បែបបទគយ និងបែបបទនៃការឆ្លងកាត់ព្រំដែន ជាដើម»។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ឯកឧត្តម គង់ វិមាន អ្នកនាំពាក្យក្រសួងការងារ និងដឹកជញ្ជូន ក៏បានប្រាប់ឱ្យសារព័ត៌មានដឹងផងដែរថា ក្រសួងនឹងសហការជាមួយក្រុមហ៊ុនចិននាពេលបច្ចុប្បន្ន ដើម្បីខិតខំស្វែងរកផ្លូវ ដែលមានសក្តានុពល សម្រាប់សាងសង់ផ្លូវរថភ្លើង តភ្ជាប់ពីកម្ពុជាទៅកាន់ប្រទេសឡាវ នាពេលខាងមុខ៕