ព្រលានយន្តហោះអន្តរជាតិតារាសាគរ ដែលមានតម្លៃប្រមាណ ៣៥០ លានដុល្លារ កំពុងវិនិយោគដោយក្រុមហ៊ុនចិន Tianjin Union Development Group (UDG) បច្ចុប្បន្នកំពុងដំណើរការសាងសង់សម្រេចបាន ៩៣,៦ ភាគរយហើយ ដែលគ្រោងដាក់ឲ្យដំណើរការជាផ្លូវការ នៅពាក់កណ្តាលឆ្នាំ ២០២២ ខាងមុខនេះ ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ

បើតាមការបញ្ជាក់របស់ លោក ស៊ីន ចានសិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា (SSCA) ដែលមានប្រសាសន៍ថា ព្រលានតារាសាគរ ស្ថិតនៅក្នុងខេត្តកោះកុងនេះជិតបញ្ចប់ហើយ ពោលគឺនៅសល់ការងារបច្ចេកទេសបន្តិចបន្តួច ដូចជាការបំពាក់ឧបករណ៍ និងធ្វើតេស្តបន្តិចបន្តួចប៉ុណ្ណោះ ។

លោកបន្ថែមទៀតថា វិបតិ្តកូវីដ ១៩ និងបញ្ហាប្រឈមផ្សេងៗដូចជា អ្នកបច្ចេកទេស និងអ្នកជំនាញការរបស់ក្រុមហ៊ុនចិន មានការលំបាកចេញ ចេញចូលមកប្រទេសកម្ពុជា ដោយលក្ខខណ្ឌ និងការកំណត់ធ្វើចត្តាឡីស័ក ដែលមានការលំបាកក្នុងការផ្គត់ផ្គត់ឧបករណ៍បរិក្ខា និងការចល័តគ្រឿងចក្រមួយចំនួន សម្រាប់ការសាងសង់នេះ ជាហេតុធ្វើការបើកដំណើរការត្រូវពន្យាពេលរហូតដល់ពាក់កណ្តាលឆ្នាំ ២០២២ វិញ។
គួរបញ្ជាក់ផងដែរថា ព្រលានយន្តហោះតារាសាគរនេះ នឹងមានសមត្ថភាពទទួលចុះចត យន្តហោះរហូតដល់កូដអ៊ី (Code E) ចំនួន ១១ ចំណត ឧទ្ធម្ភាគចក្រចំនួន ៤ចំណត អាចទទួលអ្នកដំណើរបាន ៧ លាននាក់ និងទំនិញតាមផ្លូវអាកាស ចំនួន ១ម៉ឺនតោន ក្នុងមួយឆ្នាំ ។ បន្ថែមទៀតថា ព្រមានយន្តហោះនេះ ក៏នឹងក្លាយជាអាកាសយានដ្ឋានអន្តរជាតិទី ៤ របស់កម្ពុជា ដែលនឹងត្រូវដាក់ឲ្យប្រើប្រាស់នៅក្នុងប្រទេសផងដែរ៕

