ក្រុមហ៊ុន វីរៈ ប៊ុនថាំ ផ្តល់ការគាំទ្រក្នុងការលើកកម្ពស់តួនាទីស្រ្តីជាអ្នកគ្រប់គ្រងនៅក្រុមហ៊ុន។ បើតាមឧកញ៉ា សួរ វីរៈ នៅក្រុមហ៊ុន វីរៈ ប៊ុនថាំ មានស្រ្តីជាង ៦០ ភាគរយ បានកាន់តួនាទីជាអ្នកគ្រប់គ្រងក្នុងការដឹកនាំប្រព័ន្ធការងារ។
លោកឧកញ៉ា សួរ វីរៈ ដែលជាអគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស បានឲ្យដឹងថា លោកគាំទ្រនិងពេញចិត្ត ក្នុងការលើកស្ទួយស្ត្រីក្នុងវិស័យការងារ។ ក្រុមហ៊ុនផ្ដល់សិទ្ធិ និងអាទិភាពដល់ស្ត្រី ពីព្រោះស្ត្រីក៏មានសមត្ថភាពបំពេញការងារដូចនឹងបុរសដែរ។
ក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស ជាក្រុមហ៊ុនខ្មែរឈានមុខគេលើសេវាដឹកជញ្ជូនអ្នកដំណើរ និងសេវាបញ្ញើអីវ៉ាន់ឆាប់រហ័ស។ ក្រៅពីមានសាខារាប់រយកន្លែងនៅទីក្រុងភ្នំពេញ ក្រុមហ៊ុនបានពង្រីកសាខានៅប្រទេសថៃ ចិន និងវៀតណាម។ នៅឆ្នាំ២០២១នេះ ក្រុមហ៊ុនបានពង្រីកខ្លួនច្រើនជាង ៤៦០ សាខានៅក្នុងប្រទេសកម្ពុជា ផ្ដល់ភាពងាយស្រួលដល់អតិថិជនក្នុងការប្រើប្រាស់សេវាកម្មជាច្រើន រួមទាំងសេវាកម្មបញ្ញេីអីវ៉ាន់ឆាប់រហ័សទាន់ចិត្តទូទាំងប្រទេស៕