រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន បានបង្ហាញពីដំណើរការនៃការបើកទីផ្សារក្នុងការនាំចេញផលិតផលសិកម្មកម្ពុជាទៅក្រៅប្រទេស។
ចែករំលែកជាព័ត៌មានពីដំណើរការនៃការចរចាបើកទីផ្សារសម្រាប់ផលិតផលកសិកម្មរបស់កម្ពុជា មុននាំចេញទៅកាន់ទីផ្សារប្រទេសចិន រដ្ឋមន្រ្តីទទួលបន្ទុកផ្នែកកសិកម្មរូបនេះបានលើកពីភាពចាំបាច់ដែលផលិតផលកសិកម្មកម្ពុជាត្រូវឆ្លងកាត់ប្រាំពីរដំណាក់កាល ហើយត្រូវប្រើប្រាស់ពេលវេលាជិតពីរឆ្នាំ បន្ទាប់ពីការលើកសំណើជាផ្លូវក្នុងការស្នើសុំបើកទីផ្សារផលិតផលផ្លែឈើណាមួយដែលមានហានិភ័យខ្ពស់។
ដំណាក់កាលទាំង ៧ ដែលរដ្ឋមន្រ្តីលើកបញ្ជាក់រួមមាន រួមមាន៖
1/ការស្នើសុំបើកទីផ្សារ
2/ការវាយតម្លៃហានិភ័យសមាសភាពចង្រៃ
3/ការចុះត្រួតពិនិត្យខ្សែច្រវាក់ផលិតកម្ម
4/ការរៀបចំសេចក្តីព្រាងពិធីសារ និងចុះហត្ថលេខា
5/ការបំពេញលក្ខខណ្ឌតម្រូវដូចមានចែងក្នុងពិធីសារ
6/ការចុះត្រួតពិនិត្យមើលលទ្ធផលនៃការបំពេញលក្ខខណ្ឌតម្រូវ
7/ការសម្រេចចិត្តបើកទីផ្សារ
បើតាមលោករដ្ឋមន្រ្តី ករណីកម្ពុជាបានស្នើសុំបើកទីផ្សារសម្រាប់នាំផ្លែមៀនប៉ៃលិនទៅកាន់ប្រទេសចិន មកទល់ពេលនេះ ទើបតែឈានដល់ដំណាក់កាលទីពីរតែប៉ុណ្ណោះ នៅសល់ប្រាំដំណាក់កាលដែលត្រូវឆ្លងកាត់បន្តបន្ទាប់ទៀត៕