ប្រឈមនឹងវិបត្តិនៃជំងឺកូវីដ-១៩ ដែលធ្វើឲ្យការទទួលជំនួយពីក្រៅប្រទេស ធ្លាក់ចុះ មន្ទីរពេទ្យកុមារអង្គរ ដែលជាមន្ទីរពេទ្យ ពិនិត្យ ព្យាបាលជំងឺកុមារដោយឥតគិតថ្លៃ តាំងពីឆ្នាំ ១៩៩៩ បាននឹងកំពុងព្យាយាមកៀងគរជំនួយក្នុងស្រុក ដើម្បីទ្រទ្រង់ដល់ដំណើរការរបស់មន្ទីរពេទ្យ រហូតដល់ចប់ឆ្នាំ ២០២១នេះ។
ដើម្បីចូលរួមចំណែកជួយដល់ដំណើរការនៃមន្ទីរព្យាបាលសម្រាប់កុមារនៅកម្ពុជាមួយនេះ លោក សោម សម្បត្តិ អគ្គនាយកប្រតិបត្តិក្រុមហ៊ុន ខាំ-ផែន (ថ្នាំពណ៌ជាតិ) បាននាំយកថវិកាចំនួន ២២,០២០ដុល្លារអាមេរិក ទៅឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប។
គួរជម្រាបជូនថា មន្ទីរពេទ្យកុមារអង្គរ ជាអង្គភាពមិនស្វែងរកប្រាក់ចំនេញ ដែលមានបេសកកម្មលើកកម្ពស់សុខុមាលភាពកុមារកម្ពុជាគ្រប់រូប។ មិនត្រឹមតែផ្តល់សេវាសុខាភិបាលដល់កុមារ តាំងពីជាង ២០ឆ្នាំមកទេ តែមន្ទីរពេទ្យកុមារអង្ករ ក៏ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលវេជ្ជសាស្ត្រ របស់សិស្ស និស្សិត និងមន្ត្រីសុខាភិបាលផ្សេងទៀតផងដែរ៕