ទំហំពាណិជ្ជកម្មកម្ពុជានាំចេញទៅថៃមានទឹកប្រាក់ ៥៦៩ លានដុល្លារ ខណៈការនាំចូលវិញមានទឹកប្រាក់ ៤.០៥ ប៊ីលានដុល្លារអាមេរិក

សង្គម​ និង​សេដ្ឋកិច្ច

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានឲ្យដឹងថា ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា ថៃ សម្រេចបានសរុបប្រមាណ ៤.៦១ ប៊ីលានដុល្លារ កើនឡើង ១% បើធៀប នឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ មានចំនួន ៤.៥៦ ប៊ីលានដុល្លារ។ សម្រាប់ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសថៃមានទឹកប្រាក់ប្រមាណ ៥៦៩ លានដុល្លារអាមេរិក ធ្លាក់ចុះ ៣២ ភាគរយ ខណៈដែលការនាំចូលពីថៃវិញ មានទឹកប្រាក់រហូតដល់ ៤.០៥ ប៊ីលានដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បង្ហាញថា ផលិតផលភាគច្រើនដែលកម្ពុជាបាននាំទៅកាន់ថៃ គឺជាប្រភេទកសិផល (ត្រី សាច់ បន្លែ គ្រាប់ធុញ្ញជាតិ ថ្នាំជក់) សំណល់រោងចក្រ ឱសថ សម្លៀកបំពាក់ និងវាយនភណ្ឌ ក្រណាត់សូត្រ ត្បូងថ្មមានតម្លៃ ឈើ និងគ្រឿងសង្ហារិម។ ដោយឡែក ចំពោះទំទិញដែលមានការនាំចូលពីថៃនាំមកកម្ពុជាវិញរួមមាន ថាមពល ប្រេងឥន្ធនៈ ត្រី សាច់ បន្លែ និងផលិតផលសម្រេចដូចជា រថយន្ត ជីសេរីរាង្គ ស៊ីម៉ង់ គ្រឿងឧបភោគបរិភោគ គ្រឿងសំអាង និងសម្ភារៈសំណង់។

គួររម្លឹកជូនថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ ឆ្នាំ២០២០ សម្រេចបានទឹកប្រាក់ ៧.២៥ ពាន់លានដុល្លារធ្លាក់ចុះ ២៣ ភាគរយ បើធៀបនឹងឆ្នាំ២០១៩ ដែលាមានទឹកប្រាក់ ៩.៤ ពាន់លានដុល្លារអាមេរិក។ ទំហំពាណិជ្ជកម្មនេះ បញ្ជាក់ឲ្យឃើញថា ការនាំចេញរបស់កម្ពុជាទៅថៃ មានតម្លៃ ១.១៥ ពាន់លានដុល្លារ ធ្លាក់ចុះ ៤៩% ធៀបនឹងឆ្នាំ ២០១៩ មានតម្លៃ ២.២៧ពាន់លានដុល្លារ ចំណែកការនាំចូលពីថៃវិញ មានតម្លៃរហូតដល់ ៦.១ ពាន់លានដុល្លារ ធ្លាក់ចុះ ១៥% ធៀបនឹងឆ្នាំ២០១៩ មានតម្លៃ ៧.១៥ពាន់លានដុល្លារ៕