សភាពាណិជ្ជកម្មកម្ពុជា ដែលសម្បូរទៅដោយសមាជិក សមាជិកាសុទ្ធតែជាថៅកែ ម្ចាស់ក្រុមហ៊ុនគ្រាកៗកំពុងឈរជើងនៅប្រទេសកម្ពុជា បានរៀបចំពិធីស្វាគមន៍ និង សំណេះសំណាលជាមួយ សមាជិក-សមាជិកាថ្មី ក្រោមអធិបតីភាពឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ម៉េង និមល អគ្គនាយករង និងលោកជំទាវ នួន ពេជ្រសុផល អគ្គនាយករងជាន់ខ្ពស់ នៅថ្ងៃទី៣១ សីហានេះ។
គោលបំណងនៃកម្មវិធីនេះ គឺដើម្បីទទួលស្វាគមន៍ជាផ្លូវការ និង ប្រគល់លិខិតបញ្ជាក់សមាជិកភាពជូនសមាជិក-សមាជិកាថ្មី ក៏ដូចជាបង្កើនភាពស្និទ្ធស្នាលនិងកិច្ចសហប្រតិបត្តិការល្អរវាងលេខាធិការដ្ឋានសភាពាណិជ្ជកម្មកម្ពុជាជាមួយនិងសមាជិក-សមាជិកាថ្មី។
សភាពាណិជ្ជកម្ម គឺជាស្ថាប័នមួយមិនសំដៅរកប្រាក់ចំណេញ ដែលសមាជិកភាពមានលក្ខណៈស្ម័គ្រចិត្ត និងជាស្ថាប័នតំណាងការពារផលប្រយោជន៍ជូនវិស័យឯកជនលើផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម សិប្បកម្ម សេវាកម្ម និងកសិកម្ម ដោយធ្វើសកម្មភាពបម្រើឲ្យសេដ្ឋកិច្ចជាតិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងនៅទូទាំងប្រទេស។
ក្រុមហ៊ុនសហគ្រាសស្របច្បាប់ធុនតូច មធ្យម និងធំ គ្រប់វិស័យនៅទូទាំងប្រទេស អាចចូលជាសមាជិករបស់សភាពាណិជ្ជកម្មបានទាំងអស់។ សភាពាណិជ្ជកម្ម ដើរតួយ៉ាងសំខាន់ក្នុងការចូលរួមផ្ដល់យោបល់ជូនរាជរដ្ឋាភិបាល ដើម្បីសម្របសម្រួលអាជីវកម្មក្នុងវិស័យឯកជនឲ្យកាន់តែមានប្រសិទ្ធិភាព និងបង្កលក្ខណ:ធុរកិច្ចឲ្យកាន់តែល្អប្រសើរ៕