លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចង់ឃើញកូនខ្មែរមានសមត្ថភាពបច្ចេកទេស និងចំណេះដឹងជំនាញអាចកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធស្ពានឆ្លងកាត់ទន្លេមេគង្គ ទន្លេបាសាក់ ទន្លេសាប និងស្ពានក្រោមដីបាន និងជំរុញលើកទឹកចិត្តឱ្យខិតខំប្រឹងប្រែងរៀនសូត្រឱ្យចេះដឹងជ្រៅជ្រះ ដើម្បីយកចំណេះវិជ្ជាទៅជួយកសាងប្រទេសជាតិមាតុភូមិឱ្យបានរុងរឿងថែមទៀត។
លោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងដូច្នេះក្នុងពេលចូលជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសាស្ត្រាចារ្យ និងនិស្សិតជំនាន់ទី១ នៃវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញ។
លោកទេសរដ្ឋមន្ត្រី បន្តថា និស្សិតត្រូវការពារមុខមាត់ និងតម្លៃរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ត្រូវមានមោទនភាព ដែលយើងបានចូលរៀននៅវិទ្យាស្ថានតែមួយគត់នៅកម្ពុជា ដែលបណ្ដុះបណ្ដាលសិស្សនិស្សិតឱ្យក្លាយជាវិស្វករ អាចកសាងផ្លូវ ស្ពានមានគុណភាពជូនប្រទេសជាតិមាតុភូមិយើងនាពេលអនាគត ក៏ដូចជា ដូនតាយើងបានសាងសង់ប្រាង្គប្រាសាទអង្គរវត្ត និងប្រាសាទផ្សេងៗ ដោយគ្មានកុំព្យូទ័រ គ្រឿងចក្រទំនើប ដូចសព្វថ្ងៃនេះ ប៉ុន្តែលោកអាចធ្វើបានប្រកបដោយគុណភាព។
លោកបន្ថែមថា៖ “ការមានជំនាញទន់ពិតជាមានសំខាន់ណាស់ ដែលមានតែចំណេះដឹងផ្នែករឹង មិនទាន់គ្រប់គ្រាន់ឡើយ ត្រូវតែមានជំនាញចំណេះដឹងផ្នែកទន់ ត្រូវមានធម៌ក្នុងខ្លួន មានខន្តី និងការកត្តញ្ញូបន្ថែមទៀត ដើម្បីក្លាយជាមជាអ្នកដឹកនាំដ៏ប្រសើរ”។
លើសពីនេះ លោកទេសរដ្ឋមន្រ្តីក៏បានណែនាំឱ្យនិស្សិត ត្រូវខិតខំប្រឹងប្រែងរៀនសូត្រឱ្យពូកែ មានឆន្ទៈខ្ពស់ក្នុងការសិក្សា ទើបអាចទទួលបានភាពជោគជ័យ និងបានចែករំលែកបទពិសោធន៍នៃសិក្សារបស់លោកកាលសិក្សានៅសហរដ្ឋអាមេរិក និងបទពិសោធន៍បម្រើក្នុងវិស័យឯកជននៅក្នុងក្រុមហ៊ុនធំមួយនៅ សហរដ្ឋអាមេរិកផងដែរ។
លោកបន្ថែមទៀតថា វិទ្យាស្ថានបានចុះអនុស្សារណៈយោគយល់ជាមួយសាកលវិទ្យាល័យល្បីៗនៅប្រទេសចិន ក្រុមហ៊ុនឯកជននានា និងបន្តខិតខំប្រឹងប្រែងទំនាក់ទំនងរកសាស្ត្រាល្អៗ មកបង្រៀននិស្សិតយើងដោយផ្ទាល់ ឬតាមប្រព័ន្ធវីដេអូពីចម្ងាយ ដើម្បីបង្កើនចំណេះដឹងឱ្យបានគ្រប់ជ្រុងជ្រោយ ប៉ុន្តែនិស្សិតយើងត្រូវមានឆន្ទៈខ្លួនឯង ដាក់ចិត្តដាក់កាយ រៀនសូត្រឱ្យពូកែដើម្បីយកចំណេះដឹងទៅបម្រើប្រទេសជាតិមាតុភូមិ មិនមែនរៀនដើម្បីចប់នោះឡើយ៕