អគារខ្ពស់ស្កឹមស្កៃទល់មុខផ្សារបឹងត្របែករបស់គម្រោង Sino PLaza ជាងពីរឆ្នាំហើយត្រូវបានទុកចោល មិនមានសកម្មភាពសាងសង់បន្ត ស្ទើរតែក្លាយជាអគាររហោឋានកណ្តាលក្រុង។
អគារតម្លៃ ២៥០ លានដុល្លារ សាងសង់បាន ៤ ល្វែងកម្ពស់ជិត ៤០ ជាន់ បានក្លាយបណ្តុំអគារខ្ពស់បំផុតនៅតំបន់បឹងត្របែក ដែលនៅមិនឆ្ងាយប៉ុន្មានពីតំបន់ទេសចរណ៍ទួលទំពូង។ ឧកញ៉ាញូស៍បានចុះទៅពិនិត្យសំណង់ ជាក់ស្តែងគ្មានសកម្មភាពណាមួយបញ្ជាក់ពីការសាងសង់បន្ត ហាក់គម្រោងសំណង់ចាយលុយរយលាននេះ ត្រូវបានបោះបង់ចោលកណ្តាលទី។




គម្រោង Sino Plaza នៅតាមបណ្តាយផ្លូវលូទឹកស្អុយនៅតំបន់បឹងត្របែកមានអគារចំនួន ៤ រួមមានអគារអាផាតមិន៤២ជាន់ចំនួន២ អគារ ៣៦ ជាន់ចំនួន ១ សម្រាប់ជាសណ្ឋាគារផ្កាយប្រាំ និងរោងភាពយន្ត និងអគារ ៤៣ ជាន់មួយ សម្រាប់យូនីតការិយាល័យ និងខុនដូ៕