រដ្ឋាភិបាលកូរ៉េផ្តល់ទឹកប្រាក់ ២,៧ លាន ដុល្លារ​អាមេរិក បង្កើត​មជ្ឈមណ្ឌល​ជាតិបណ្តុះ​ធុរកិច្ច​ថ្មី​នៃ​កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

មជ្ឈ​​មណ្ឌល​ជាតិបណ្តុះ​ធុរកិច្ចថ្មីនៃកម្ពុជា មាន​ទីតាំង​ស្ថិតនៅក្នុង​សាកវិទ្យាល័យ​​​​ភូមិន្ទ​ភ្នំពេញមាន​កម្ពស់៣ជាន់ហើយ​​នឹង​បញ្ចប់នៅ​ដើមឆ្នាំ២០២៣ ដោយគ្រោងចំណាយថវិកាជាង ២,៧ លាន ដុល្លារ​អាមេរិក ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលា​ និងបើកការដ្ឋានសា​ង​សង់ក្រោមវត្តមានលោកបណ្ឌិត ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំយុវជន និង​កីឡា និងបណ្ឌិត ផាក ហ៊ឹង​ខ្យ​ង់ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋ​កូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា។​​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មជ្ឈមណ្ឌល​ NICC គឺ​ជា​កន្លែង​បណ្តុះបណ្តាលនិង​ផ្តល់​ប្រឹក្សាដល់និស្សិតនិង​យុវជន​កម្ពុជាដើម្បី​ជួយ​ពួកគេបញ្ចេញ​សក្កា​នុព​ល​របស់​ពួកគេឆ្ពោះទៅយុគសម័យ​ឌីជីថលនិង​ជា​កន្លែង​ជួបជុំរវាង​វិនិយោគិននិង​និស្សិតឬ​សហគ្រិន​វ័យក្មេងនាពេល​អនាគត​នោះ។

លោកបណ្ឌិត ហង់ ជួន ណា​រ៉ុ​ន មានប្រសាសន៍ថា​ រាជរដ្ឋាភិបាល​កម្ពុជាកំពុង​ស្វែងរក​ឱកាសនិង​វិសាលភាពនៃ​អត្ថប្រយោជន៍​សេដ្ឋកិច្ចនៅក្នុង​វិស័យ​ឌីជីថល ដែលមាន​សក្តា​នុពលមិន​ត្រឹមតែ​ក្លាយជា​ប្រភព​ថ្មីនៃ​កំណើនសេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ ​ថែមទាំង​ជួយលើកកម្ពស់​ផលិតភាពនៅក្នុង​ប្រទេស ពលរដ្ឋ និងអាជីវកម្ម​។

លោករដ្ឋមន្រ្តីថ្លែងក្នុងពេលចូលរួមជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា​ និងបើកការដ្ឋានសា​ង​សង់មជ្ឈ​​មណ្ឌល​ជាតិបណ្តុះ​ធុរកិច្ចថ្មីនៃកម្ពុជា (NICC) ដែលជា​ជំនួយ​របស់សាធារណរដ្ឋ​កូរ៉េ នា​ព្រឹក​ថ្ងៃទី​៣ ខែសីហានេះ​។

ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា លោក​រដ្ឋមន្ត្រីបាន​ថ្លែងអំណរគុណចំពោះ​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​កូរ៉េ KOICA និង KPC ដែល​បាន​ផ្តល់ជំនួយ បច្ចេកទេស និង​ហិរញ្ញវត្ថុ ក្នុង​ការបង្កើត​មជ្ឈមណ្ឌល​ជាតិបណ្តុះ​ធុរកិច្ច​ថ្មី​នៃ​កម្ពុជា នៅ​សាកលវិទ្យាល័យ ភូមិន្ទ​ភ្នំពេញ​។​

លោក​បណ្ឌិត ផាក ហ៊ឹង​ខ្យ​ង់ ​មានប្រសាសន៍​ថា​ ប្រទេស​កម្ពុជាគឺជា​ប្រទេសមួយក្នុងចំណោមប្រទេស​ដៃគូ ODA សំខាន់ៗរបស់​ប្រទេស​កូរ៉េ​។ គម្រោង​នេះនឹង​ក្លាយជា​គម្រោង​គំរូ​ដ៏​ល្អ​មួយសម្រាប់​ការសហការរវាង​វិស័យ​ឧស្សាហកម្មនិង​វិស័យ​អប់រំនៅ​ប្រទេស​កម្ពុជា​។

លោក​បន្ថែមទៀតថា៖ “គម្រោង​នេះនឹង​ក្លាយជា​គំរូ​ដ៏​ល្អនៃ​កិច្ចសហការពាណិជ្ជកម្មប្រកបដោយ​ជោគជ័យរវាង​កម្ពុជានិង​សាធារណរដ្ឋ​កូរ៉េ​​”