រថយន្ត​ចង្កូតស្តាំ​ជ្រក​ក្រោម​ស្លាកកង​​កម្លាំង​ តម្រូវ​ឲ្យកែ​ចង្កូត​ ផុត​កំណត់​ត្រឹម​ខែ​មិថុនា ឆ្នាំ ២០២២

សង្គម​ និង​សេដ្ឋកិច្ច

បើ​តាមសេចក្តីប្រកាស​ព័ត៌មាន​របស់​ទីស្តីការគណៈរដ្ឋមន្រ្តី​ បាន​លើក​សំណើពីការ​អនុវត្តវិធានការ​លើការ​ប្រើប្រាស់​យានយន្ត​ឯកជន ដែលជ្រកក្រោមស្លាក​លេខ ក្រសួង ស្ថាប័នរដ្ឋ ជាពិសេស​ស្លាក​លេខ ខ.ម និង ន.ប ដើម្បីឱ្យម្ចាស់ចូលខ្លួនមកបំពេញកាតព្វកិច្ចពន្ធនិងអាករនាំចូល ស្របតាមច្បាប់និងបទប្បញ្ញត្តិស្តីពីគយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​សេចក្តីប្រកាស​បាន​ណែនាំ​ដល់​គ្រប់ក្រសួងនិងស្ថាប័ន ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវច្បាប់និងគោលនយោបាយហាមឃាត់ការនាំចូល និងប្រើប្រាស់រថយន្តចង្កូតស្តាំ (លើកលែងតែមានការអនុញ្ញាតពីរាជរដ្ឋាភិបាលជាលក្ខណៈពិសេសដូចជា រថយន្ត​ពន្លត់អគ្គីភ័យ រថយន្តដឹកសំរាម ជាដើម)។ ចំពោះរថយន្តចង្កូតស្តាំដែល​មានស្រាប់ក្នុងស្រុកតែត្រូវ​កែ​ចង្កតពីស្តាំមកឆ្វេង ដើម្បីឱ្យស្របច្បាប់ចរាចរណ៍ផ្លូវគោករបស់កម្ពុជា។ ការអនុញ្ញាតនេះមានឱសាន​វាទ​ត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២២។ បន្ទាប់ពីនោះ រថយន្តចង្កូតស្តាំដែលត្រូវបង្ក្រាបបាន នឹងតម្រូវឱ្យដោះបំបែកជាគ្រឿងបន្លាស់ឬកម្ទេចចោល។

ជាមួយគ្នានេះ​ដែរ យានយន្តឯកជនជ្រកក្រោមស្លាកលេខរដ្ឋ ស្លាកលេខ ខ.ម និង ន.ប ដែលមានចង្កូតឆ្វេងនិងពុំមានក្នុងបញ្ជីទ្រព្យសម្បត្តិរដ្ឋរបស់អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានអនុគ្រោះមួយលើកចុងក្រោយ ដោយបន្តអនុញ្ញាតឱ្យបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទឆ្នាំ២០២១ ដោយប្រើប្រាស់ថវិកាផ្ទាល់ខ្លួន តាមការដាក់ពាក្យស្នើសុំរបស់ម្ចាស់យានយន្ត មួយឆ្នាំទៀតប៉ុណ្ណោះ។ ការបង់ពន្ធនេះពុំមានន័យថា ម្ចាស់យានយន្តបានរួចផុតពីកាតព្វកិច្ចបង់ពន្ធនិងអាករនាំចូល យានយន្តតាមច្បាប់និងបទប្បញ្ញត្តិជាធរមាននោះឡើយ៕