មួយរយៈកន្លងមកនេះមើលឃើញថា អ្នកលក់អនឡាញនៅស្រុកខ្មែរហាក់មានសន្ទុះយ៉ាងខ្លាំង ហើយអ្នកលក់អនឡាញថ្មីថ្មោងក៏មានច្រើនណាស់ដែរ។ អ្វីដែលអ្នកលក់អនឡាញចាប់ផ្ដើមដំបូងជួបបញ្ហាធំបំផុតនោះគឺពួកគេលក់ចង់បានជោគជ័យលឿន ហើយនៅពេលដែលលទ្ធផលចេញមកមិនបានដូចបំណង អ្នកខ្លះក៏មានការបាក់ទឹកចិត្ត ហើយអ្នកខ្លះទៀតក៏ឈប់បន្តរបររកស៊ីមួយនេះតែម្ដង។
យ៉ាងណាអ្នកលក់អនឡាញថ្មីថ្មោងត្រូវមាន៦ចំណុចនេះជាមុនសិន ទើបអាចជំនះគ្រប់ឧបសគ្គឆ្ពោះទៅរកភាពជោគជ័យ។ នេះបើតាមការចែករំលែកពីយុវតីម្នាក់មានឈ្មោះ Sreytin Vin ដែលកំពុងប្រកបរបរលក់អនឡាញជាច្រើនឆ្នាំ។
១. មានចំណង់ឆន្ទៈ និងគោលដៅច្បាស់លាស់
អ្នកលក់អនឡាញថ្មីថ្មោងត្រូវសួរខ្លួនឯងខ្លួនមានបំណងចង់លក់ពិតប្រាកដដែរឬទេ។ អ្នកត្រូវមានបំណងពិតប្រាកដលក់ជាមុនសិន ទើបអ្នកអាចធ្វើជាអ្នកលក់ដ៏ល្អមួយរូបបានពោលគឺអ្នកត្រូវមានគោលដៅ។ សម្រាប់អ្នកចាប់ផ្ដើមលក់ថ្មីដែលមានគោលដៅធំបំផុតនោះគឺចង់បានលុយ ។ ការចង់បានលុយនេះត្រូវគិតថាតើធ្វើយ៉ាងណាទើបបានលុយអ្នកខ្លះត្រូវជួបភ្ញៀវ ណែនាំភ្ញៀវ លក់ផលិតផលដែលដោះស្រាយបញ្ហាឲ្យភ្ញៀវបាន និងលក់តែផលិតផលល្អមានគុណភាពនិងមានទីផ្សារដែលទាំងអស់នេះហើយវាជាចំណុចស្លាប់រស់របស់អ្នកទើបនឹងចាប់ផ្ដើមលក់អនឡាញថ្មី ។
២. ដើមទុនសំខាន់
ដើមទុនវាធ្វើឲ្យមុខជំនួញរបស់យើងដើរទៅមុខដូចដែលគេលើកឡើងថា នុយធំត្រីក៏ធំដែរ។ ប៉ុន្តែហានិភ័យក៏វានឹងកើនឡើងតាមនឹងដែរ ដូច្នេះយើងត្រូវមានទុនគួរសមល្មម មុននឹងយើងក្លាយទៅជាអ្នកលក់អនឡាញអាជីព។ ទុននេះហើយដែលយើងប្រើមកដើម្បីយកទិញផលិតផលមកទុកលក់ និងមានស្តុកផ្ទាល់ខ្លួនហើយ មួយចំណែកទៀតទុកសម្រាប់ធ្វើទីផ្សារនិងសម្រាប់ពេលដែលយើងលក់អត់ដាច់ទុកថ្លៃខាតនៅខែក្រោយៗទៀត។
៣.មានចំណេះដឹងផ្នែកបច្ចែកវិទ្យា
មានគំនិតជឿនលឿនដើរដល់ទាន់សម័យកាលដូចជាមានចំណេះដឹងខាងហ្វេសប៊ុក ផេកឡាយវីដេអូ ផ្សព្វផ្សាយឲ្យមានប្រសិទ្ធភាពជាដើម។ វាជាធាតុសំខាន់មួយសម្រាប់អ្នកលក់អនឡាញថ្មីៗ សម្រាប់អ្នកលក់អនឡាញមួយចំនួនតែងតែពោលថាលក់មិនដាច់ទេឬលក់មិនបានលុយតែពួកគេភ្លេចខ្លួនថាតើពួកគេមានជំនាញហាងលក់អនឡាញច្បាស់លាស់គ្រប់គ្រាន់ហើយឬនៅ តើអ្នកយកចិត្តទុកចំពោះការលក់របស់អ្នកបានកម្រិតណាសរសេរអក្សរខេបសិនបានទាក់ទាញកម្រិតណានិងការផុសរូបផលិតផលបានច្បាស់ល្អជាដើម ។
៤.ធ្វើដោយសេចក្តីព្យាយាមនិងយកចិត្តទុកដាក់មានពេលវេលាគ្រប់គ្រាន់
អ្នកលក់អនឡាញខ្លះ ចង់តែពីដំបូងទេផុសលក់មួយថ្ងៃបាត់មួយខែ ដែលវាជាសញ្ញាថាពួកគាត់មិនមានសេចក្តីព្យាយាមនៅក្នុងការលក់ឡើយ។ គ្រោះថ្នាក់ដ៏ធំបំផុតដែលចេញសញ្ញានេះមកគឺវាមិនមែនជាការលក់ពិតប្រាកដនោះទេ។ អ្នកលក់ពិតប្រាកតែងតែខិតខំប្រឹងប្រែងព្យាយាមលក់រហូតទាល់តែទទួលបានលទ្ធផល។ ហើយគ្មានជោគជ័យណា កើតឡើងដោយងាយឡើយគឺវាត្រូវការរៀបពេលសមស្របណាមួយដើម្បីទទួលបានជោគជ័យអ្នកណាសួរបានយូរជាងគេអ្នកនោះគឺជាអ្នកឈ្នះពិតប្រាកដ។
៥.មានដើមទុនភ្ញៀវគឺថែទាំអតិថិជនចាស់បង្កើតអតិថិជនថ្មីជាពិសេស
ការទទួលខុសត្រូវចំពោះភ្ញៀវដូចជាភ្ញៀវសួរនាំផលិតផលរបស់អ្នកពេលភ្ញៀវប្រើផលិតផលរបស់អ្នកហើយមានបញ្ហាតើអ្នករកដំណោះស្រាយជូនអតិថិជនបានល្អកម្រិតណា ។ ទាំងនេះហើយវាគឺជាការទទួលខុសត្រូវខ្ពស់របស់អ្នកលក់ដែលភ្ញៀវត្រូវការនិងទុកចិត្តហើយបន្តប្រើផលិតផលជាជាបន្តបន្ទាប់។
៦.បន្តធ្វើដោយបញ្ញានិងមានគំនិតអភិវឌ្ឍខ្លួនជានិច្ច
វាមានសារៈសំខាន់បំផុតនៅពេលដែលអ្នកលក់មានចំណុចប៥ខាងលើហើយនៅខ្វះចំណុចមួយនេះ ក៏មិនកើតដែរបញ្ញាគឺសំដៅទៅលើគំនិតនិងភាពវ័យឆ្លាតនៅក្នុងការច្នៃប្រឌិត ជាពិសេសគឺចេះបទតាមទីផ្សាររបស់អតិថិជនក្នុងការរកស៊ីអ្នកដែលមានប្រាជ្ញាការតស៊ូយូរជាងគេអ្នកនោះគឺជាអ្នកឈ្នះហើយឈ្នះបានយូរអង្វែងថែមទៀតផង៕