បើតាមការឱ្យដឹងរបស់ ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា៖ “នៅក្នុងឆ្នាំ២០២១នេះ រាជរដ្ឋាភិបាល តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក) បានត្រៀមបម្រុងគ្រាប់ពូជស្រូវស្រាលមិនប្រកាន់រដូវជារូបវ័ន្តចំនួន ២ ០០០តោន និងគ្រាប់ពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗទៀតចំនួន ២៥តោន សម្រាប់ចុះជួយប្រជាកសិករដែលមានតម្រូវការគ្រាប់ពូជ ឬរងការខូចខាតដោយប្រការណាមួយ” ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ឯកឧត្ដម រដ្ឋមន្ត្រី បានបន្ថែមថា៖ កន្លងមក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានអគ្គនាយកដ្ឋានកសិកម្មជាសេនាធិការ មានភារកិច្ចចាត់ចែងផលិតគ្រាប់ពូជដំណាំ នៅតាមកសិដ្ឋាន ស្ថានីយកសិកម្ម និងសហការជាមួយក្រុមហ៊ុនឯកជន និងសហគមន៍កសិកម្ម ផងដែរ ដើម្បីធានានូវបរិមាណ និងគុណភាព ថែរក្សា និងចាត់ចែងដឹក ជញ្ជូនគ្រាប់ពូជទៅដល់គោលដៅឱ្យបានទាន់ពេលវេលា។
បច្ចុប្បន្ន នាយកដ្ឋានដំណាំស្រូវ បានត្រៀមគ្រាប់ពូជស្រូវចំនួន ២ ០០០តោន ដោយធ្វើការវេចខ្ចប់ ២៥គ.ក្រ/បាវ សរុបមានចំនួន ៨០ ០០០បាវ និងកំពុងរក្សាទុកនៅក្នុងឃ្លាំងរបស់អគ្គនាយកដ្ឋានកសិកម្ម។ នាយដ្ឋានដំណាំស្រូ របស់ក្រសួងកសិកម្ម ក៏បានត្រៀមគ្រាប់ពូជបន្លែ និងដំណាំរួមផ្សំបានចំនួន ១២មុខ ស្មើនឹង ២៥តោន និងវេចខ្ចប់យ៉ាងត្រឹមត្រូវជាកញ្ចប់តូចៗចំនួន ៥៩៥ ០០០កញ្ចប់ ក្នុងនោះមាន៖ ពោតដំណើប សណ្តែកកួរ ផ្ទីស ស្ពៃខៀវ ស្ពៃចង្កឹះ ននោង ត្រកួន ល្ពៅ ត្រប់វែង ត្រប់ក្រាំងរមាស ត្រឡាច និងប៉េងប៉ោះ ដោយគ្រាប់ពូជទាំងអស់បានរក្សាទុកនៅស្ថានីយផលិតពូជបន្លែក្បាល កោះ (ខេត្តកណ្តាល)។
គួរបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងខិតខំអភិវឌ្ឍលើគ្រប់អនុវិស័យក្នុងស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីធានាសន្តិសុខស្បៀង អាហារូបត្ថម្ភ បង្កើតឱកាសការងារ បង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយ: ការដាក់ចេញនូវគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១៩-២០២៣ និងជាពិសេសយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដែលបានផ្តល់អាទិភាពលើវិស័យមួយនេះ សំដៅលើកកម្ពស់ផលិតភាពកសិកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ដោយបង្វែរទិសពីការអភិវឌ្ឍតាមបែបវិបុលកម្ម ទៅកាន់ការអភិវឌ្ឍតាមបែបប្រពលវប្បកម្ម និងកសិពាណិជ្ជកម្ម ពោលគឺការពង្រីកសមត្ថភាពដាំដុះលើផ្ទៃដីដែលមានស្រាប់ តាមរយៈការបង្កើនរដូវដាំដុះដោយប្រើប្រាស់បច្ចេកទេសទំនើបទាន់សម័យ ប្រើប្រាស់គ្រាប់ពូជមានគុណភាពល្អ និងការបង្កើនតម្លៃបន្ថែមក្នុងការកែច្នៃកសិផល ឆ្លើយតបទៅតាមតម្រូវការទីផ្សារក្នុង និងក្រៅស្រុក ទាំងបរិមាណ គុណភាព សុវត្ថិភាព និងស្តង់ដានាំចេញ៕