ភ្នំពេញ៖លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន ថ្លែងថា កំណាត់ផ្លូវជាតិលេខ៣ (ភ្នំពេញ-កំពត) មានប្រវែងសរុប១៣៤,៧៩៦គីឡូម៉ែត្រ នឹងត្រូវជួសជុលអោយរួចរាល់ នៅខែធ្នូ ឆ្នាំ២០១៩ នេះ ដើម្បីរៀបចំព្រឹត្តិការណ៍ធំៗចំនួន២ ។ លោក ស៊ុន ចាន់ថុល ថ្លែងបែបនេះ នាថ្ងៃទី២៧ ខែតុលា ខណៈអញ្ជើញចុះត្រួតពិនិត្យស្ថានភាពកំណាត់ផ្លូវជាតិលេខ៣ (ភ្នំពេញ-កំពត) ដែលកំពុងជួសជុលស្ថាបនាធ្វើឱ្យប្រសើរឡើង ដើម្បីធានាបានគុណភាពរឹងមាំអាចឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់បានយូរអង្វែង ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្តថា ផ្លូវនេះនឹងត្រូវធ្វើការជួសជុលឱ្យបានរួចរាល់នៅក្នុងខែធ្នូ ឆ្នាំ២០១៩ នេះ ដើម្បីរៀបចំព្រឹត្តិការណ៍ធំៗចំនួន២ គឺពិធីបុណ្យសមុទ្រជុំទី៣ នៅខេត្តកំពត ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ និង ពិធីប្រណាំងកង់អន្តរជាតិ ចាប់ពីខេត្តកោះកុង ឆ្ពោះមកខេត្តកែប ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែមករា ឆ្នាំ២០២០ ។
កំណាត់ផ្លូវជាតិលេខ៣
(ភ្នំពេញ-កំពត)
មានប្រវែងសរុប១៣៤,៧៩៦គីឡូម៉ែត្រ
ដោយក្នុងនោះប្រវែង៦៩គីឡូម៉ែត្រ
ចាប់ពីចោមចៅ ដល់បែកគុស
ត្រូវសាងសង់ជាផ្លូវ ៤គន្លង
និងចាប់ពីបែកគុស ដល់ទីរួមខេត្តកំពត
ប្រវែង ៦៥,៧៩៦
គីឡូម៉ែត្រ ត្រូវសាងសង់ជាផ្លូវ
២គន្លង។
ក្រសួងសាធារណការ
បញ្ជាក់ថា គម្រោងនេះគ្រោងចំណាយថវិកាសរុបប្រមាណ
២១៩,៩១១ លានដុល្លារសហអាមេរិក
ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន
រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា
សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន
ថ្នល់ចិន
ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់
ក្វាងចូវ វ៉ានអាន និងប្រើរយៈពេល៤៨ខែ
៕