រដ្ឋសភាជាតិនៃកម្ពុជា នៅថ្ងៃព្រហស្បតិ៍នេះ បានអនុម័តជាឯកច្ឆ័ន្ទនៃសម្លេងសមាជិកសភាវត្តមាន ៨៣នាក់ នូវសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសកម្ពុជា និងចិន ខណៈដែលការអនុម័តសេចក្តីព្រាងច្បាប់នេះ ស្របពេលដែលលោក វ៉ាង យី នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា នៅថ្ងៃទី១២ ខែកញ្ញាខាងមុខនេះ។
ការអនុម័តសេចក្តីព្រាងច្បាប់ដ៏សំខាន់នេះ ធ្វើឡើងជិតមួយឆ្នាំ ក្រោយការចុះហត្ថលេខាពីរដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំងពីរ កាលពីខែកក្កដា ឆ្នាំ២០២០ អំឡុងពេលទស្សនកិច្ចរបស់ប្រមុខការទូត និងទីប្រឹក្សារដ្ឋចិនលោក វ៉ាង យី នៅកម្ពុជា។
សេចក្តីព្រាងច្បាប់ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលមាន១៦ជំពូក និងជាង១៤០មាត្រានោះ បានកើតឡើងកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ តាមរយៈការជួបជជែកគ្នារវាងប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ ផ្តើមចេញពីនេះរដ្ឋាភិបាលកម្ពុជា-ចិន ក៏បានចាត់ឲ្យក្រុមការងារនៃប្រទេសទាំងពីរចាប់ផ្តើមធ្វើការ ដោយសិក្សាពីផលចំណេញ និងការប្រឈម ដើម្បីពង្រីកកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។
សេចក្តីព្រាងច្បាប់នេះ បានឆ្លងកាត់ការចរចារវាងអ្នកជំនាញកម្ពុជា និងចិន ចំនួន៣ជុំ គឺចាប់ផ្តើមពីខែមករា ឆ្នាំ២០២០ រហូតដល់ខែមិថុនា ឆ្នាំ២០២០។
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ ធ្វើឡើងក្នុងគោលបំណង ធ្វើសេរីភាវូបនីយកម្ម និងសម្រួលពាណិជ្ជកម្មទំនិញរវាងភាគីទាំងពីរ តាមរយៈការកាត់បន្ថយ និងលុបបំបាត់ពន្ធគយ និងរបាំងមិនមែនពន្ធគយ ដោយធានាថាស្តង់ដា បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃអនុលោមភាព មិនបង្កជាឧបសគ្គដល់ការធ្វើពាណិជ្ជកម្ម។
លើសពីនេះ ប្រទេសកម្ពុជានឹងទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងនេះ ដូចជាអត្រាពន្ធគយអនុវត្ត០% ភា្លមៗមានចំនួន ៨ ៣២៨បន្ទាត់ពន្ធ ស្មើនឹង៩៧,៤៤% នៃបន្ទាត់ពន្ធសរុប។ អត្រាពន្ធគយអនុវត្ត០% ក្នុងរយៈពេល៥ឆ្នាំ មានចំនួន៦បន្ទាត់ពន្ធ ស្មើនឹង ០,០៧% នៃបន្ទាត់ពន្ធសរុបជាដើម៕