ការធ្លាក់ចុះនៃវិស័យអាទិភាពចំនួន ៣ រុញច្រានសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២០ ថមថយខ្លាំងមិនធ្លាប់មានប្រមាណ ៣០ ឆ្នាំចុងក្រោយ

សង្គម​ និង​សេដ្ឋកិច្ច

វិបត្តិសុខភាពសាធារណៈជាសកលដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩ បានបង្អាក់គ្រប់សកម្មភាពផលិតកម្ម ការផ្គត់ផ្គង់ ការប្រើប្រាស់ និងការវិនិយោគ ហើយទន្ទឹមនឹងនោះក៏បានរុញច្រានកំណើនសេដ្ឋកិច្ចសកលក្នុងឆ្នាំ ២០២០ ធ្លាក់ចុះគួរឲ្យកត់សម្គាល់ក្នុងអត្រា-៣,៥%។ ការធ្លាក់ចុះនេះ គឺមកពីការបិទប្រទេស ការបិទទីក្រុង ការរឹតត្បិតការធ្វើដំណើរ ជាលទ្ធផលវិធានការទាំងនោះបានបន្ថែមសម្ពាធ និងបង្អាក់គ្រប់សកម្មភាពផលិត ការផ្គត់ផ្គង់ និងការប្រើប្រាស់សម្រាប់ពិភពលោកទាំងមូល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែក សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២០ មានការធ្លាក់ចុះនៅក្នុងអត្រា-៣,១% ដោយសារការធ្លាក់ចុះនៃវិស័យសេវាកម្ម និងវិស័យឧស្សាហកម្ម ខណៈវិស័យកសិកម្មនៅរក្សាបានកំណើនវិជ្ជមាន។ នេះបើតាមរបាយការណ៍សមិទ្ធផលឆ្នាំ ២០២០ ចេញផ្សាយដោយគណៈកម្មការមូលបត្រកម្ពុជា នៅដើមខែកញ្ញានេះ។

ការវាយតម្លៃជារួមបង្ហាញថា វិស័យសេវាកម្ម មានកំណើនអវិជ្ជមានក្នុងអត្រា-៦,៧% ដោយសារការធ្លាក់ចុះយ៉ាងគំហុកនៃអនុវិស័យសណ្ឋាគារភោជនីយដ្ឋាន និងកំណើនអវិជ្ជមាននៃអនុវិស័យអចលនទ្រព្យ និអនុវិស័យផ្សេងទៀត ដែលគាំទ្រដល់វិស័យទេសចរណ៍។

ជាមួយគ្នានេះ វិស័យឧស្សាហកម្មត្រូវបានវាយតម្លៃថា មានកំណើនអវិជ្ជមានក្នុងអត្រា-១,២% ដែលបណ្តាលពីការធ្លាក់ចុះនៃអនុវិស័យកាត់ដេរ និងអនុវិស័យសំណង់ ខណៈអនុវិស័យកម្មន្តសាលមិនមែនកាត់ដេររក្សាបានកំណើនខ្ពស់។ ទោះជាយ៉ាងនេះក្តី វិស័យកសិកម្មយើងឃើញថាមានកំណើនវិជ្ជមាននៅក្នុងអត្រា ០,៥% ដែលកំណើននេះគាំទ្រដោយកំណើនទាបនៃអនុវិស័យដំណាំ និងការងើបឡើងវិញនៃអនុវិស័យចិញ្ចឹមសត្វ និងអនុវិស័យនេសាទ បន្ទាប់ពីកំណើនអវិជ្ជមានក្នុងឆ្នាំ ២០១៩។

ជាមួយគ្នានេះការធ្លាក់ចុះកំណើនសេដ្ឋកិច្ចក៏បានជះឥទ្ធិពលអវិជ្ជមានដល់ស្ថានភាពហិរញ្ញវត្ថុរបស់កម្ពុជាក្នុងឆ្នាំ ២០២០ ផងដែរ៕