ដូចការគ្រោងទុក ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងរដ្ឋមន្រ្តីក្រសួងការបរទេសចិន នឹងមកបំពេញទស្សនកិច្ចផ្លូវការចំនួន ២ ថ្ងៃ គឺថ្ងៃអាទិត្យ ដល់ថ្ងៃចន្ទ ឥឡូវមកបានដល់ទឹកដីកម្ពុជាហើយ។
ដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម វ៉ាង យី មកកាន់កម្ពុជាលើកនេះ ដើម្បីបន្តពង្រឹងបន្ថែមទៀតនូវមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការណ៍នៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ក្នុងបរិបទនៃបញ្ហាប្រឈមជាសកលដែលកំពុងកើតមាន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហការប្រតិបត្តិការអន្តរជាតិ។
ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តម វ៉ាង យី នឹងចូលរួមសម្តែងការគួរសមចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងមានអាហារការងារពេលព្រឹកជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង។
បន្ថែមលើនេះ ឯកឧត្តមនឹងបន្តជំនួបជាមួយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី ដើម្បីពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ សន្តិសុខ ការពារជាតិ ព្រមទាំងបញ្ហាតំបន់និងអន្តរជាតិដែលជាប្រយោជន៍នឹងកង្វល់រួមផងដែរ។
តាមការគ្រោងទុក សម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តមទីប្រឹក្សារដ្ឋចិន វ៉ាង យី នឹងចូលរួមជាអធិបតីក្នុងប្រគល់-ទទួលជាផ្លូវការនូវពហុកីឡដ្ឋានជាតិមរតកតេជោ ដែលនេះនឹងក្លាយជាទីតាំងសំខាន់សម្រាប់រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) នៅឆ្នាំ២០២៣ខាងមុខ ខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលមានទំហំផ្ទៃដីជាង ៨៥ហិកតានេះ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ប្រមាណ១៦០ លានដុល្លារ ។
ពិសេសទៀតនោះ សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម វ៉ាង យី ក៏នឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារទ្វេភាគីដ៏សំខាន់មួយចំនួនផងដែរ។
សូមបញ្ជាក់ថា ការបំពេញទស្សនកិច្ចនេះនៅតំបន់អាស៊ីរបស់ទីប្រឹក្សារដ្ឋចិនរូបនេះ នឹងពិភាក្សាយុទ្ធសាស្រ្ត កាន់តែស៊ីជម្រៅជាមួយ បណ្ដាភាគី ដើម្បីជំរុញអនុវត្តកុងសុងស៊ីសសំខាន់ៗ ដែលបានឯកភាពគ្នាដោយលោកប្រធានាធិបតីចិន Xi Jinping និងថ្នាក់ដឹកនាំនៃប្រទេសទាំងបួន ដែលផ្តោតជាសំខាន់លើកិច្ចប្រយុទ្ធប្រឆាំងជំងឺវីរុស និងកិច្ចសហប្រតិបត្តិ ការអភិវឌ្ឍន៍ ជំរុញកិច្ចផ្ទៀងផ្ទាត់រវាងផែនការអភិវឌ្ឍន៍ថ្មី ដែលបង្កើតឡើងដោយចិន និងយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់បណ្ដាប្រទេស លើកកម្ពស់កិច្ចសហប្រតិបត្តិការ “ខ្សែក្រវាត់ និងផ្លូវ” និងកិច្ចកសាងសហគមន៍ វាសនារួមសម្រាប់មនុស្សជាតិកាន់តែស៊ីជម្រៅ៕