ក្រោយចុះហត្ថលេខាប្រមាណជា ១ ឆ្នាំមក រដ្ឋសភាកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ ទី០៩ កញ្ញា ឆ្នាំ២០២១នេះ បានអនុម័តជាឯកច្ឆន្ទ នូវសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសកម្ពុជា និងចិន” ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏មានសារៈសំខាន់នេះ រងចាំតែ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទ្រង់ឡាយព្រហស្ថលេខាប៉ុណ្ណោះ។
រាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ពីសារសំខាន់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន ថា នឹងធ្វើសេរីភាវូបនីយកម្ម និងសម្រួលពាណិជ្ជកម្មទំនិញរវាងភាគីទំាងពីរតាមរយៈការកាត់បន្ថយ និងលុបបំបាត់ពន្ធគយ និងរបាំងមិនមែនពន្ធគយ ដោយធានាថា ស្ដង់ដារបទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃអនុលោមភាព មិនបង្កជាឧបសគ្គដល់ការធ្វើពាណិជ្ជកម្ម ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន ដែលទើបតែត្រូវបានរដ្ឋសភាអនុម័ត ខណៈដែលដំណឹងពីក្រសួងការបរទេស មកថា កម្ពុជា និងសាធារណកូរ៉េ នឹងឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នានៅដើមខែតុលាខាងមុខផងដែរ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសកម្ពុជា និងចិន (FTA) នឹងរួមចំណែកយ៉ាងសំខាន់ ជួយជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន ខណៈដែលកម្ពុជា ខ្លួនឯងក៏កំពុងត្រៀមលក្ខណៈស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ផងដែរ៕