ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះ Ford Mortor Co បានប្រកាសនឹងឈប់បន្តផលិតរថយន្តនៅប្រទេសឥណ្ឌាទៀត បន្ទាប់ពីប្រឡូកក្នុងទីផ្សារឥណ្ឌាអស់រយៈពេល ២៥ ឆ្នាំ។

មូលហេតុដែល Ford ប្រកាសបញ្ឈប់ការផលិតបែបនេះ គឺដោយសារក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ គឺក្រុមហ៊ុនមិនទទួលបានប្រាក់ចំណេញសោះពីទីផ្សារឥណ្ឌា ពោលមានតែខាតបង់វិញដល់ទៅ ២ ពាន់លានដុល្លារឯណោះ។

“បើទោះជាពួកយើងព្យាយាមខ្លាំងបែបណា ក៏មើលទៅស្ថានការណ៍មិនមានការប្រសើរឡើងសោះ និងមិនអាចមើលឃើញពីប្រាក់ចំណេញនៅថ្ងៃមុខឡើយ”។ នេះបើតាមសម្ដីរបស់លោក Anurag Mehrotra ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Ford នៅឥណ្ឌា។

បញ្ជាក់ដែរថា Ford បានឈានជើងចូលទីផ្សារឥណ្ឌា ២៥ ឆ្នាំ តែបើមើលស្ថិតិរថយន្តនៅទីផ្សារឥណ្ឌាមានមិនដល់ ២% ផង។ ប្រជាជនឥណ្ឌានិយមប្រើប្រាស់រថយន្តកម្រិតធូរថ្លៃ ដែលភាគច្រើនជាប្រភេទកូនឡាន ដែលផលិតដោយក្រុមហ៊ុនជប៉ុន Suzuki Motor Corp៕
ប្រភព: bdnews24