ប្រធានសមាគមធនាគារលោក អ៊ិន ចាន់នី បានថ្លែងថា ៧ ខែដើមឆ្នាំ ២០២១ នេះ អតិថិជនដាក់ប្រាក់កម្ចីឥណទានមានជិត៣៦ប៊ីលានដុល្លារអាមេរិក ឯប្រាក់បញ្ញើសន្សំមានជិត៤៤ប៊ីលានដុល្លារ នៅតាមគ្រឹះស្ថានធនាគារ ដែលជាសមាជិករបស់សមាគមធនាគារនៅកម្ពុជា។ ការគូសបញ្ជាក់បែបនេះធ្វើឡើងក្នុងឱកាសដែលបណ្ឌិត អ៊ិន ចាន់នី ចូលរួមក្នុងកិច្ចពិភាក្សាពិសេសមួយផ្តោតលើ «ទស្សនៈពីគ្រឹះស្ថានហិរញ្ញវត្ថុ» ដែលរៀបចំ ដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា សមាគមធនាគារនៃកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ។
បណ្ឌិត អុិន ចាន់នី ប្រធានសមាគមធនាគារនិងជាប្រធាននាយកប្រតិបត្ដិការរបស់ធនាគារ អេស៊ីលីដា ភិអិលស៊ី បានគូសបញ្ជាក់ថា គិតត្រឹមខែកក្កដា ឆ្នាំ២០២១នេះ គ្រឹះស្ថានធានគារ ដែលជាសមាជិករបស់សមាគមធនាគារនៅកម្ពុជា បានផ្ដល់ប្រាក់កម្ចីឥណទានជិត ៣៦ពាន់លានដុល្លារអាមេរិក និងទទួលប្រាក់បញ្ញើសន្សំជិត៤៤ពាន់លានដុល្លារអាមេរិក។
លោកបញ្ជាក់ថា លំហូរប្រាក់បញ្ញើច្រើនជាងប្រាក់កម្ចី ចឹងធ្វើឲ្យប្រាក់ទំនេរសល់ច្រើន។ ប្រធានសមាគមធនាគារនៅកម្ពុជាបានលើកឡើងថា សាច់ប្រាក់នៅក្នុងវិស័យធនាគារទាំងមូលមានចំនួនច្រើន ដោយសារតែតម្រូវការនៃការផ្ដល់ឥណទាន មិនមានច្រើនដូចមុន។ ណាមួយធនាគារបានថ្លឹងថ្លែងទៅលើហានិភ័យ ចំពោះការផ្ដល់ឥណទានបន្ថែម ដូច្នេះការប្រយ័ត្នប្រយែងរបស់ធនាគារ និងតម្រូវការតិចរបស់អតិថិជន ធ្វើឲ្យសាច់ប្រាក់ទំនេរក្នុងវិស័យធនាគារសល់ច្រើន៕