ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១៩ ខែកញ្ញា នេះ បានប្រកាសពីការបើកទ្វារទឹកជាច្រើនកន្លែងនៅក្នុងភូមិសាស្ត្រនៃខេត្តកំពង់ស្ពឺ ក្នុងចំណោមនោះក៏មាន ទំនប់អាងទឹកចំការតែ គីរីរម្យផងដែរ។

នៅលើផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួង បានបញ្ជាក់យ៉ាងដូច្នេះថា ស្ថានភាពទឹកនៅទំនប់អាងទឹកចំការតែ (គីរីរម្យ) បានបើកទ្វារទឹក(១=០,៥០ម៉ែត្រ) ឃុំចំបក់ និងទំនប់អាងទឹកពាមពូល ទឹកមានកម្ពស់ ២,៤០ ម៉ែត្រ ទឹកហូរលើទំនប់បង្ហៀរកម្ពស់ ០,៤៣ម៉ែត្រ (ទំនប់បង្ហៀរប្រវែង ៦០ ម៉ែត្រ) និងបើកទ្វារទឹកចំនួន ៥ទ្វារ/ ៨ទ្វារ ស្ថិតឃុំក្រាំងដឺវ៉ាយ ស្រុកភ្នំស្រួច។

គួររំឮកផងដែរថា តាមការជូនដំណឹងស្ដីពីអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២១ ប្រទេសកម្ពុជានឹងទទួលរងឥទ្ធិពលជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតី។ កត្តាទាំងអស់នេះ នឹងបណ្ដាលឱ្យខេត្តនៅតាមតំបន់វាលទំនាបចំនួន ៦ អាចនឹងទទួលរងនូវជំនន់ទឹកភ្លៀងផងដែរ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឱ្យខ្ពស់បំផុត!

