ថ្ងៃបើកបវេសនកាលថ្មីកាលពីពេលថ្មីៗនេះ សាលាល្បីឈ្មោះ វត្តបូព៌ ក្នុង ទឹកដីខេត្ត សៀមរាប បានទទួលការកោតសរសើរពីមហាជនជាខ្លាំង ទៅនឹងរូបភាព ស្ដីពីសកម្មភាពលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់បានហែរក្បួន ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី។ រូបថតជាច្រើនសន្លឹកបង្ហាញពីភាពមានសណ្តាប់ធ្នាប់ ជាពិសេសឯកសណ្ឋានស្លៀកពាក់សមរម្យ ស្រស់ស្អាត ដែលបង្ហាញថាសាលាបឋមសិក្សាវត្តបូព៌ជាសាលារៀនគំរូនៅក្រុងសៀមរាប។

សូមបញ្ជាក់ផងដែរថា សាលាវត្តបូព៌ ស្ថិតនៅក្នុងខេត្តសៀមរាប គឺជាសាលាមួយដែលមានកេរ្តិ៍បោះសំឡេងល្បីល្បាញខ្លាំងនៅក្នុងប្រទេសកម្ពុជាលើការអប់រំ។ សាលារៀនមួយនេះកាលពីពេលថ្មីៗនេះ សារព័ត៌មានល្បីឈ្មោះរបស់ប្រទេសថៃក៏បានចេញផ្សាយថា ជាសាលារៀនបឋមសិក្សាគំរូប្រចាំប្រទេសកម្ពុជាទាំងការអប់រំ ផ្តល់ចំណេះដឹង ផ្នែកចរិយាធម៌ សិលធម៌ក្នុងការរស់នៅយ៉ាងល្អប្រសើរថែមទៀតផង។ភាពល្បីល្បាញលើការអប់រំនេះ មិនអាចកើតមាននោះឡើយ ប្រសិនបើគ្មានការដាក់ចេញនូវយុទ្ធសាស្ត្រក្នុងការគ្រប់គ្រង និងដឹកនាំដ៏ត្រឹមត្រូវពីនាយកសាលាទេនោះ។

លោក ពឹង គិមឆេន ជានាយកសាលាបឋមសិក្សាវត្តបូព៌ ដែលបានប្រឡូកក្នុងវិស័យអប់រំរយៈពេលប្រមាណ ៣៨ឆ្នាំ បានដាក់ចេញនូវទស្សនៈវិស័យជាច្រើន ដើម្បីធ្វើឱ្យការអប់រំនៅក្នុងសាលានេះប្រកបដោយភាពល្អប្រសើរ ស្ទើរតែគ្មានសាលាណាមួយដូចនោះឡើយ។ ក្នុងសាលារបស់លោកមិនត្រឹមអប់រំផ្តល់ចំណេះដឹងបានល្អប្រសើរនោះទេ តែក៏បានផ្តល់នូវការអប់រំផ្នែកចរិយាធម៌ សិលធម៌ក្នុងការរស់នៅយ៉ាងល្អប្រសើរថែមទៀតផង៕










