ថ្មីៗនេះ សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា (ស.ម.ទ.ក) បានសហការជាមួយ គម្រោងហាវែស II ក្នុងការបើកដំណើរការជាផ្លូវការកម្មវិធី “បេសកកម្មនាំចេញទៅកាន់តំបន់មជ្ឈឹមបូព៌ានិងអាហ្វ្រិកខាងជើង” ដែលជាកម្មវិធីប្រើប្រាស់នូវបច្ចេកវិទ្យាប្រព័ន្ធឌីជីថលថ្មីមួយ ក្នុងការសម្របសម្រួលនិងផ្សារភ្ជាប់ក្រុមហ៊ុនក្នុងស្រុកសំដៅជំរុញដល់ការនាំចេញ។
ស.ម.ទ.ក បានជ្រើសរើសក្រុមហ៊ុននាំចេញរបស់កម្ពុជា ចំនួន២៥ ក្រុមហ៊ុន ដែលមកពីអនុវិស័យ៤ ដូចជាអនុវិស័យម្រេច អនុវិស័យបន្លែ អនុវិស័យឈើហូបផ្លែ និងអនុវិស័យកែច្នៃ ដើម្បីចូលរួមក្នុងបេសកកម្មនេះ។
ក្រុមហ៊ុនទាំង២៥ នឹងត្រូវបានជ្រើសរើសចូលរួមក្នុងពិពណ៌ឌីជីថល “ពិព័រណ៍ផលិតផលសរីរាង្គនិងធម្មជាតិនៅមជ្ឈឹមបូព៌ា” ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងឌូបៃ ដើម្បីណែនាំនិងផ្សព្វផ្សាយផលិតផលកម្ពុជាទៅកាន់តំបន់មជ្ឈឹមបូព៌ានិងអាហ្វ្រិកខាងជើង (MENA)ជាលើកដំបូង ហើយក៏ដូចជាឱកាសសំរាប់ការនាំចេញដោយភ្ជាប់ទំនាក់ទំនងជាមួយអ្នកទិញនៅតំបន់មជ្ឈឹមបូព៌ា។
បើតាមតំណាងក្រុមហ៊ុនទាំង២៥ តាមរយៈបេសសកម្មនេះរំពឹងនឹងទទួលបានដៃគូសហការកាន់តែច្រើនទៀត។ ផលិតផលរបស់កម្ពុជា នឹងទទួលបានការគាំទ្រស្របតាមតម្រូវការ នៅលើទីផ្សារអន្តរជាតិ ជាពិសេសនៅបណ្តាប្រទេសប៉ែកមជ្ឈឹមបូពាណ៌ និងអាហ្រ្វិកខាងជើង៕