ផ្លូវការ វិទ្យាស្ថានតេជោសែនសាធារណការ ចាប់ដៃសមាគមភស្តុភារកម្មកម្ពុជា ដើម្បីពង្រឹង វិស័យដឹកជញ្ជូន និងភស្តុភាកម្ម

សង្គម​ និង​សេដ្ឋកិច្ច

ការចុះអនុស្សរណៈនៃការយោគយល់នេះ ធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការនៃ ភាពជាដៃគូរវាងវិទ្យាស្ថាន និងសមាគមឱ្យមានប្រសិទ្ធភាព និងពង្រឹងគុណភាពនៃការអប់រំបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យដឹកជញ្ជូន និងភស្តុភាកម្ម ដើម្បីរួមគ្នាបង្កើតកម្មវិធីផ្សព្វផ្សាយ និងបង្កើនការយល់ដឹងឱ្យបានទូលំទូលាយអំពីវិស័យភស្តុភាកម្ម ឱកាសការងារ សក្កានុពល និង សារសំខាន់នៃវិស័យនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថាន និងជាតំណាងភាគីហត្ថលេខីនៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា គោលបំណងរបស់វិទ្យាស្ថានក្នុងការបណ្តុះបណ្តាលធនធានមនុស្សឱ្យមានជំនាញច្បាស់លាស់ ចំណេះដឹងទូលំទូលាយ និងមានអត្តចរិត សីលធម៌ល្អ ដើម្បីដោះស្រាយបញ្ហាកង្វះអ្នកជំនាញបច្ចេកទេសក្នុងវិស័យសាធារណការ ដឹកជញ្ជូន និងភស្ដុភារកម្មនាពេលបច្ចុប្បន្ន និងអនាគតសំដៅចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។

បើតាមការបញ្ជាក់របស់ឯកឧត្តម ហឿន សំនៀង វិទ្យាស្ថានបានធ្វើកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយនឹងគ្រឹះស្ថានអប់រំ និងដៃគូទាំងនៅក្នុងប្រទេស និងក្រៅប្រទេស និងក្រុមហ៊ុនឯកជនក្នុងស្រុក រួចមកហើយដើម្បីពង្រីកការគាំទ្រ និងផ្តល់ឱកាសបន្ថែមទៀត សំដៅពង្រឹងគុណភាពអប់រំដល់សិស្ស-និស្សិត និងសិក្ខាកាមរបស់វិទ្យាស្ថាន។

លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគម និងជាតំណាងភាគីហត្ថលេខីនៃសមាគមភស្តុភារកម្មកម្ពុជា បានថ្លែងថា៖ បច្ចុប្បន្នកម្ពុជានៅមានកង្វះខាតធនធានមនុស្សយ៉ាងច្រើនសម្រាប់បំពេញតម្រូវការឱ្យវិស័យភស្តុភារកម្ម ដែលបញ្ហានេះតម្រូវឱ្យសមាគមបង្កើនកិច្ចខិតខំប្រឹងប្រែងបណ្តុះបណ្តាលធនធានមនុស្សលើវិស័យនេះចាប់ពីថ្នាក់មូលដ្ឋានរហូតដល់កម្រិតមធ្យម ហើយសមាគមបាន និងកំពុងឈានមកដល់កម្រិតមួយដែលបណ្តាធុរកិច្ចជនក្នុងវិស័យភស្តុភារកម្មកំពុងតែត្រូវការជាចាំបាច់។

សូមបញ្ជាក់ថា សមាគមភស្តុភារកម្មកម្ពុជា ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៤ ដោយមានឈ្មោះដើមថា សមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា ដែលមានបេសកកម្មផ្តល់ការ បណ្តុះបណ្តាលធនធានមនុស្សដើម្បីផ្គត់ផ្គង់ឱ្យវិស័យឡូជីស្ទីកចាប់តាំងពីឆ្នាំ២០០៩ រហូតមកដល់សព្វថ្ងៃ ដោយប្រើប្រាស់ឯកសារបណ្តុះបណ្តាល ស្របតាមស្តង់ដារនៅក្នុងតំបន់អាស៊ានទាំងមូល និងអន្តរជាតិ។

បន្ថែមើលនេះ មានសិក្ខាកាមប្រមាណជាង៥០០០នាក់ បានទទួលការបណ្តុះបណ្តាលពីសមាគម ដោយឡែកគ្រូបង្គោលរបស់សមាគមបានទទួលការបណ្តុះបណ្តាលពីវិទ្យាស្ថានភស្តុភារកម្មអាស៊ាន ដែលមានមូលដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ និងធ្លាប់ចុះកម្មសិក្សាដោយផ្ទាល់ទាំងនៅក្នុងប្រទេស ក្នុងតំបន់ និងអន្តរជាតិ និងកំពុងបម្រើការក្នុងវិស័យភស្តុភារកម្មអស់រយៈពេលជាច្រើនឆ្នាំផងដែរ៕