ភរិយាអភិបាលខេត្តសៀមរាបលោកជំទាវ ទាង អេង បានផ្ញើសារដ៏រំជួលចិត្ត ភ្ជាប់ដោយពាក្យពេចន៍លើកទឹកចិត្តស្វាមីជាអភិបាលខេត្តឯកឧត្តម ទៀ សីហា កំពុងនៅសមរភូមិមិនចេញមុខ ខណៈក្រុងសៀមរាបត្រូវបានដាក់ជាតំបន់ក្រហម ក្រោយផ្ទុះឆ្លងមេរោគកូវីដ ១៩ យ៉ាងធ្ងន់ធ្ងរ។


លោកជំទាវជាឧត្តមភរិយាបានរៀបរាប់ក្នុងសារយ៉ាងដូច្នេះថា ជាមេខេត្តមួយរូប ក៏ជាកូនមេទ័ពទាំងមូល មិនត្រូវចុះចាញ់ហើយ បោះបង់ចោលរាល់បញ្ហានៅចំពោះមុខនោះឡើយ។ ខ្ញុំជឿជាក់ណាស់ចំពោះសមត្ថភាពរបស់ប្ដីខ្ញុំ ព្រោះប្តីមានឆន្ទៈខ្ពស់ ដូច្នេះហើយទើបទេវតាឲ្យប្តីមកកាន់ទីកន្លែងនេះ។ នេះជាសមរភូមិ មិនចេញមុខ បើចាញ់ក៏ជាបទពិសោធន៍ បើឈ្នះស្មើរហ្នឹង សង្គ្រោះជីវិត ប្រជាជនរបស់ប្ដី ។ ខំស៊ូឡើងណាប្តី នៅសល់តែបន្តិចទៀតនោះទេ យើងនឹងអាចឆ្លងផុតក្នុងគ្រាដ៏លំបាកនេះ។ ទោះបីជាប្រពន្ធមិនបាននៅក្បែរប្រយុទ្ធជាមួយប្ដីក៏ដោយ ក៏ប្រពន្ធចាំជួយលើកទឹកចិត្ត និងជំនឿចិត្តប្ដីពីក្រោយណា។
ជាមួយសារទទួលបានពីឧត្តមភរិយា ឯកឧត្តទៀ សីហា ក៏បានបង្ហោះដោយអារម្មណ៍ដ៏កក់ក្តៅ បើទោះបីកំពុងស្ថិតនៅឆ្ងាយពីគ្រួសារក្នុងគ្រាដ៏លំបាកនេះ៕
