បើ​ចង់​បើក​ក្រុមហ៊ុន​រកស៊ីស្រុកខ្មែរ កុំ​ភ្លេច​ចូល​អាន​អត្ថបទ​នេះ

សង្គម​ និង​សេដ្ឋកិច្ច

នៅ​ប្រទេស​កម្ពុជា ទម្រង់​ក្រុមហ៊ុន​ឯកជន​មាន​ការ​បែងចែក​ខុសៗ​គ្នា។ ជា​ការ​កត់សម្គាល់​ទម្រង់​ក្រុមហ៊ុន​ឯកជន​មាន​ពីរ​ធំៗ​គឺ​ក្រុមហ៊ុន​សហកម្មសិទ្ធិ និង​ក្រុមហ៊ុន​មូលធន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយ​ឡែក​ក្រុមហ៊ុន​សហកម្មសិទ្ធិ​មាន​ពីរ​ទម្រង់​ទៀត​គឺ ក្រុមហ៊ុន​សហកម្មសិទ្ធិ​ទូទៅ និង​ក្រុមហ៊ុន​សហកម្ម​សិទ្ធិ​មានកម្រិត។ ចំពោះ​ក្រុមហ៊ុន​មូលធន​បែងចែក​ជា​បី​ទម្រង់ គឺ​ក្រុមហ៊ុន​ឯកជន​ទទួល​ខុសត្រូវ​មានកម្រិត​ សហគ្រាស​ឯកបុគ្គល​ទទួលខុស​ត្រូវ​មាន​កម្រិត និង​ក្រុមហ៊ុន​មហាជន​ទទួល​ខុស​ត្រូវ​មានកម្រិត

បើ​យោង​តាម​សៀវភៅ​ស្តី​ពី​ច្បាប់​ពាណិជ្ជកម្ម​របស់​សាស្ត្រាចារ្យ​ កៅ មុយថង បាន​ពន្យល់​ពី​ទម្រង់​នៃ​ ក្រុមហ៊ុន​សហកម្មសិទ្ធិ និង​ក្រុមហ៊ុន​មូលធន។

ក្រុមហ៊ុន​សហកម្មសិទ្ធិ សមាជិក​មាន​ឋានៈ​ជា​ពាណិជ្ជករ​ទទួលខុសត្រូវ​ដោយ​គ្មាន​ការ​កំណត់ និង​ដោយ​សាមគ្គី​លើ​រាល់​បំណុល​របស់​ក្រុមហ៊ុន។ ក្រុមហ៊ុន​សហកម្មសិទ្ធិ មាន​ក្រុមហ៊ុន​សហកម្ម​សិទ្ធិ​ទូទៅ និង​ក្រុមហ៊ុន​សហកម្មសិទ្ធិ​មានកម្រិត។

ក្រុមហ៊ុន​សហកម្មសិទ្ធិ​ទូទៅ ជា​ទម្រង់​ក្រុមហ៊ុន ដែល​បង្កើត​ដោយ​ការ​ព្រមព្រៀងគ្នា​ទៅវិញទៅមក​នៃ​បណ្តា​សហកម្មសិទ្ធិករ​។ សហ​កម្មសិទ្ធិករ​ទូទៅ​ម្នាក់ៗ​មាន​សិទ្ធិ​ស្មើៗគ្នា ក្នុង​ការ​ចាត់ចែង​អាជីវកម្ម លើកលែង​តែ​មាន​ការ​បញ្ជាក់​ផ្សេង ក្នុង​កិច្ចព្រមព្រៀង​របស់​សហកម្មសិទ្ធិ។ ម្នាក់ៗ​ត្រូវ​ទទួលខុស ត្រូវ​រៀងៗខ្លួន និង​ទូទៅ​លើ​បំណុល​របស់​អាជីវកម្ម។

ក្រុមហ៊ុន​សហកម្មសិទ្ធិ​មាន​កម្រិត គឺ​ជា​ក្រុមហ៊ុន​បង្កើត​ឡើង ដោយ​មានការ​ព្រមព្រៀង​គ្នា​របស់​សហកម្មសិទ្ធិករ​ទាំងអស់។ ប៉ុន្តែ​មិន​ដូចគ្នា​ក្រុមហ៊ុន​សហកម្ម​សិទ្ធិ​ទូទៅ​ទេ ក្រុមហ៊ុន​សហកម្មសិទ្ធិ​មាន​កម្រិត មិន​រលាយ​ដោយឯកឯង​ទេ ទោះបី​សហកម្ម​សិទ្ធិករ​មាន​កំណត់​ណា​ម្នាក់​ស្លាប់ ឬ​ដកហូត​ទុន​ពី​ក្រុមហ៊ុន។ ផ្ទុយ​ទៅវិញ បើ​សហកម្មសិទ្ធិករ​ទូទៅ​ម្នាក់​ស្លាប់ ឬ ដកហូត​ទុន​ពី​ក្រុមហ៊ុន គឺ​ក្រុមហ៊ុន​នោះ​នឹង​រលាយ​ដោយ​ឯកឯង លុះត្រាតែ​មាន​កិច្ច​ព្រមព្រៀង​របស់​ក្រុមហ៊ុន។

ក្រុមហ៊ុន​មូលធន​ដែល​ក្នុង​នោះ​សមាជិក (គ្មាន​ឋានៈ​ជា​ពាណិជ្ជករ) ​ហើយ​មាន​ឬ​រក្សា​នូវ​មូលបត្រ​ដែល​គេ​អាច​លក់ដូរ​បាន​ដែល​ហៅថា«ភាគហ៊ុន» និង​ទទួលខុសត្រូវ​លើ​បំណុល​ក្រុមហ៊ុន​ត្រឹមតែ ភាគ​ទុន​របស់​ខ្លួន​ប៉ុណ្ណោះ។ នៅ​ក្នុង​ក្រុមហ៊ុន​នេះ​មាន​ទម្រង់​ក្រុមហ៊ុន​ពីរ​ទៀត​គឺ ក្រុមហ៊ុន​ឯកជន​ទទួលខុសត្រូវ​មានកម្រិត (Private Limited Company) សមាជិក​ទាំងឡាយ​ទទួលខុសត្រូវ​ត្រឹមតែ​កម្រិត​ភាគ​ទុន​របស់​ខ្លួន​ដែល​បាន​ចូលហ៊ុន​ប៉ុណ្ណោះ។ ក្រុមហ៊ុន​នេះ​គឺ​ជា​ទ្រង់ទ្រាយ​មួយ​នៃ​ក្រុមហ៊ុន​មូលធន ហើយ​មាន​លក្ខណៈ​សម្គាល់​ដូចតទៅ៖

-ទី​មួយ​គឺ​ក្រុមហ៊ុន​មាន​សមាជិក​ភាគហ៊ុន​ពី ០២ (ពីរ​នាក់) រហូតដល់ ៣០ (សាមសិប​នាក់)។ ប៉ុន្តែ បុគ្គល​ម្នាក់​ក៏​អាច​បង្កើត​ក្រុមហ៊ុន​បាន​ដែរ​ឈ្មោះ​ថា​ សហគ្រាស​ឯកបុគ្គល​ទទួលខុសត្រូវ​មាន​កម្រិត​។ សហគ្រាស​នេះ មាន​លក្ខខណ្ឌ​ដូចគ្នា​នឹង​លក្ខខណ្ឌ​ទាំងឡាយ​របស់​ក្រុមហ៊ុន​ឯកជន ទទួល​ខុស​ត្រូវ​មាន​កម្រិត​ដែរ លើកលែង​តែ​លក្ខខណ្ឌ​ស្តី​ពី​ទំនាក់ទំនង រវាង​សមាជិក​ភាគ​ហ៊ុន​ប៉ុណ្ណោះ​។

-ទី​ពីរ​គឺ ក្រុមហ៊ុន​នេះ​មិន​អាច​អនុញ្ញាត​ឱ្យ​លក់​ភាគហ៊ុន ឬ​មូលបត្រ​ដទៃ​ទៀត​ជា​សាធារណៈ​ឡើយ។ ប៉ុន្តែ​គេ​អាច​អនុញ្ញាត​ឱ្យ​ធ្វើ​អនុប្បទាន ពី​សមាជិក​ភាគហ៊ុន​មួយ​ទៅ​សមាជិក​ភាគហ៊ុន ឬ​សមាជិក​គ្រួសារ ឬ​អ្នកគ្រប់គ្រង​បាន។ ក្នុង​ករណី​ធ្វើ​អនុប្បទាន​ទៅ​ឱ្យ​តតិយជន ត្រូវ​មាន​ការ​យល់ព្រម​ពី​សមាជិក​ភាគហ៊ុន​ដទៃ​ទៀត​តាមសម្លេង​ភាគច្រើន។

-ទី​បី​គឺ ក្រុមហ៊ុន​នោះ​អាច​មាន​ការ​រឹតត្បិត​មួយ​ឬច្រើន​ទៅលើ​ការ​ផ្ទេរ​ចំណែក​នៃ​ប្រភេទ​ភាគហ៊ុន​ទាំង​អស់។

-ទី​បួន​គឺ ក្រុមហ៊ុន​អាច​ត្រូវ​បាន​ទទួលស្គាល់​ថា​ជា​ក្រុមហ៊ុន​ឯកជន ទទួលខុស​ត្រូវ​មាន​កម្រិត ចាប់ពី​ពេល​ដែល​បាន​ចុះបញ្ជី​ពាណិជ្ជកម្ម​ តាម​ទម្រង់​បែបបទ​ជាក់លាក់ ដូច​បាន​កំណត់​ដោយ​ប្រកាស​របស់​ក្រសួងពាណិជ្ជកម្ម។

ដោយ​ឡែក ក្រុមហ៊ុន​មហាជន​ទទួល​ខុស​ត្រូវ​មាន​កម្រិត គឺ​ជា​ទ្រង់ទ្រាយ មួយ​នៃ​ក្រុមហ៊ុន​មូលធន ដែល​ត្រូវ​បាន​អនុញ្ញាត​ដោយ​ច្បាប់​ដើម្បី​បោះ​ចេញ​មូលបត្រ អាច​លក់​ជា​សាធារណៈ​បាន។

>>>មាន​សំណួរ​សួរ​ថា​តើ​មាន​ភាព​ខុសគ្នា ឬ​ដូចគ្នា​ដូចម្ដេច​រវាង​ក្រុមហ៊ុន​សហកម្មសិទ្ធិ​និង​ក្រុមហ៊ុន​មូលធន?

ក្រុមហ៊ុន​សហកម្មសិទ្ធិ គឺជា​ក្រុមហ៊ុន​ដែល​បង្កើត​ឡើង​ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​ការ​គោរព​បុគ្គលិក​លក្ខណៈ​របស់​សមាជិក ពោល​គឺ​ឈរ​លើ​ការ​គោរព​រាប់អាន​បុគ្គល។ ក្នុង​ក្រុមហ៊ុន​សមាជិក​ទាំងអស់​ត្រូវ​ផ្តល់​ការអនុញ្ញាត​ឱ្យ​មាន​ការចូលរួម​ពី​សមាជិក​ថ្មីៗ និង​ជា​អ្នក​សម្រេច​ថា បើ​មាន​ព្រឹត្តិការណ៍​អ្វី​កើត​ឡើង​ដល់​សមាជិក​ណា​ម្នាក់ (ដូចជា​មរណភាព​ជាដើម) ក្រុមហ៊ុន​ត្រូវ​បន្ត​សកម្មភាព ឬ​ត្រូវ​រំលាយ។

រីឯ​ក្រុមហ៊ុន​មូលធន គឺជា​ក្រុមហ៊ុន​ដែល​បង្កើត​ឡើង​ដោយ​មិន​ឈរ លើ​មូលដ្ឋាន​នៃ​ការ​គោរព​បុគ្គលិក​លក្ខណៈ​របស់​សមាជិក​ទេ ពោល​គឺ​មិន​គិត​ទៅដល់​ការ​រាប់អាន​ជា​បុគ្គល​ទេ។ ជាទូទៅ សមាជិក​ទាំងអស់​អាច មិន​ស្គាល់​គ្នា​ពីមុន​មក ហើយ​អាច​ធ្វើ​អនុប្បទាន​ភាគហ៊ុន​របស់​ខ្លួន​ដោយ សេរី លើកលែង​តែ​មាន​បដិប្បញ្ញត្តិ​ផ្សេង។


>>>លក្ខណៈ​សម្បត្តិ​សំខាន់​បួន ក្នុង​ការ​បង្កើត​ក្រុមហ៊ុន​មូលធន

-អត្ថិភាព​ដាច់​ដោយ​ឡែក​ពីគ្នា៖ ក្រុមហ៊ុន​មាន​អត្ថិភាព​ឯករាជ្យ ឬ ដាច់​ដោយឡែក​ពី​បុគ្គល​ដែល​បាន​បង់​ដើមទុន ឬ​បុគ្គល​ដែល​គ្រប់គ្រង​អាជីវកម្ម។ ក្រុមហ៊ុន​គឺជា​ម្ចាស់​លើ​ទ្រព្យសកម្ម​នៃ​អាជីវកម្ម​និង​ទទួលខុសត្រូវ​លើ​បំណុល​និង​កាតព្វកិច្ច​របស់​អាជីវកម្ម។

-ការគ្រប់គ្រង៖ អំណាច​គ្រប់គ្រង ស្ថិត​ក្នុង​សមត្ថកិច្ច​នៃ​ក្រុម​ប្រឹក្សា​ភិបាល​ដែលគេ​បាន​ផ្ទេរ​ទៅ​ឱ្យ​មន្ត្រី​គ្រប់គ្រង​ក្រុមហ៊ុន។ ម្ចាស់​ហ៊ុន គឺជា​អ្នកបោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សាភិបាល ប៉ុន្តែ​មិន​អាច​ត្រួតត្រា​ការសម្រេច​របស់​ក្រុម​ប្រឹក្សា​ភិបាល​បានទេ

-លទ្ធភាព​នៃ​ការ​ផ្ទេរ​កម្មសិទ្ធិ៖ កម្មសិទ្ធិ​និង​ផល​ប្រយោជន៍​របស់​ម្ចាស់​ហ៊ុន​អាច​ផ្ទេរ​បាន​ដោយ​សេរី -ការ​ទទួលខុស​ត្រូវ​មាន​កម្រិត៖ ក្រុមហ៊ុន​ទទួលខុសត្រូវ​ចំពោះ បំណុល​និង​កាតព្វកិច្ច​ទាំងឡាយ ដែល​ពាក់ព័ន្ធ​ការ​ធ្វើ​ពាណិជ្ជកិច្ច។ ការ​ទទួលខុស​ត្រូវ​នេះ មិន​ភ្ជាប់​កាតព្វកិច្ច​​ មន្ត្រី​ក្រុមហ៊ុន ឬ​ម្ចាស់​ភាគ​ហ៊ុន​ដទៃ​ទៀត​ទេ៕