នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ឯកឧត្តម ហឿន សំនៀង បានលើកឡើងក្នុងកម្មវិធីជជែកពិភាក្សាសិក្ខាសាលាអនឡាញ ស្ដីពី “ដំណើរជីវិតក្នុងស្មារតីអង្គរ៖ ទ្រព្យជាប់ខ្លួន” ថា ជីវិតយើងម្នាក់ៗ អាចរស់បែបណាក៏បានដែរ តែកុំរស់បែបអាត្មានិយមពេក, ជីវិតយើងចង់សម្រេចអ្វីក៏បានដែរ តែកុំចង់សម្រេចកិច្ចការងារដែលបំផ្លាញអ្នកដទៃ និងសង្គមជាតិ, យើងអាច ធ្វើអ្វីក៏បានដែរ ឱ្យតែជាទង្វើញ៉ាំងសេចក្តីសុខ សេចក្តីចម្រើនដល់សង្គមជាតិ នេះឈ្មោះថា មានទ្រព្យ និងប្រើប្រាស់ ទ្រព្យជាប់ខ្លួនដ៏ត្រឹមត្រូវ និងអស្ចារ្យពិតៗ។
បន្ថែមលើនេះឯកឧត្ដម បានចែករំលែកទស្សន:ចំនួន ៣ ចំណុចដើម្បីថ្លឹងថ្លែង និងសិក្សាឈ្វេងយល់ដូចខាងក្រោម៖
ទី១. ការស្គាល់ខ្លួនឯង៖ គ្រប់គ្នាគួរសិក្សាស្វែងយល់ឱ្យស្គាល់ខ្លួនឯងច្បាស់លាស់។ មនុស្សយើងគ្រប់គ្នា ងាយស្រួលរកផ្លូវនានាលើផែនទី តែមិនងាយរកផ្លូវឱ្យស្គាល់ខ្លួនឯងនោះឡើយ។ ការរៀនស្គាល់ពីខ្លួនឯង ប្រវត្តិខ្លួន បុព្វហេតុរបស់ខ្លួន អត្តសញ្ញាណនៃជាតិខ្លួន និងគុណតម្លៃ តួនាទីរបស់ខ្លួន ជាការស្គាល់ ដ៏អាស្ចារ្យបំផុត។ “ជំងឺវង្វេងខ្លួនឯង ជាគ្រោះថ្នាក់ដ៏ធំបំផុត”។
ទី២. ការស្វែងរកចំណេះដឹង៖ មនុស្សល្ងង់មិនចេះ មនុស្សចេះមិនវង្វែង ការសិក្សាស្វែងរកចំណេះដឹង ចំណេះ ជំនាញ និងទេពកោសល្យរបស់ខ្លួន គឺជាគ្រឹះនៃការបង្កើតមូលធន ជាទ្រព្យសម្បត្តិដំបូង និងល្អបំផុត សម្រាប់ខ្លួនឯង ដែលប្រើច្រើន កើនច្រើន ចម្រើនរុងរឿង ដល់ខ្លួន គ្រួសារ និងសង្គមជាតិ។
ទី៣. ការតម្កល់ខ្លួនដោយប្រពៃ៖ បានដល់ការតម្កល់ខ្លួនក្នុងសេចក្តីល្អ សេចក្តីថ្លៃថ្នូរត្រឹមត្រូវ ឬហៅថា គុណធម៌ និងសីលធម៌នោះឯង កុំធ្វើខ្លួនឱ្យមានកំហុស ឬមានទោសនៃសង្គមឡើយ តម្លៃពិតរបស់ មនុស្សមិនមែនលុយកាក់ ឬតំណែងនោះទេ តែសេចក្តីល្អ អំពើល្អ ដែលជីវិតនេះបានផ្តល់ បានធ្វើដល់ សង្គមជាតិ។