ខេត្តព្រះសីហនុ ត្រូវបានកំណត់ជាខេត្តគោលដៅសេដ្ឋកិច្ចគំរូពហុបំណង តាមគោលនយោបាយអភិវឌ្ឍឧស្សាហកម្មឆ្នាំ២០១០-២០២៥។ ខេត្តជាប់សមុទ្រនេះ មានចំណុចពិសេសជាច្រើនសម្រាប់ទាក់ទាញការវិនិយោគ ក្រៅពីសក្តានុពលទេសចរណ៍ដែលមានឆ្នេរ កោះដ៏ស្រស់ស្អាត។
លោក ម៉ាង ស៊ីណេតអភិបាលរងខេត្តព្រះសីហនុមានប្រសាសន៍ថា ខេត្តព្រះសីហនុមានសក្តានុពលជាច្រើន ក្នុងការទាក់ទាញការវិនិយោគ។
លោកអភិបាលរងបានលើកយកចំណុចយុទ្ធសាស្រ្តដែលខេត្តជាប់ឆ្នេរសមុទ្រនេះ មានប្រៀបសម្រាប់ការវិនិយោគ ដោយលើកយក ៤ ចំណុច។
-ខេត្តព្រះសីហនុមានសក្តានុពល ដោយមានកំពង់ផែអន្តរជាតិទឹកជ្រៅ ដែលនឹងត្រូវបានធ្វើការអភិវឌ្ឍជាបន្តបន្ទាប់ដល់ឆ្នាំ ២០២៥ អាចឱ្យនាវាចូលចតបាន ៩២ភាគរយ នៃនាវាចរណ៍លើពិភពលោក។
-ខេត្តមានព្រលានយន្តហោះអន្តរជាតិ ដែលមានផ្លូវរត់ប្រវែង ៣,២០០ម៉ែត្រ វែងជាងគេក្នុងប្រទេសកម្ពុជា អាចឱ្យយន្តហោះធុនធំចុះចតបាន។
-ខេត្តមានផ្លូវដែកតភ្ជាប់ពីរាជធានីភ្នំពេញមកខេត្តព្រះសីហនុសម្រួលការដឹកជញ្ជូនបានងាយស្រួល ក្រៅពីផ្លូវជាតិដែលមានស្រាប់។
-ផ្លូវល្បឿនលឿនពីភ្នំពេញមកកាន់ខេត្តព្រះសីហនុ អាចដាក់ឱ្យដំណើរការនៅចុងឆ្នាំ ២០២២ខាងមុខ ដែលនឹងរុញកំណើនការវិនយោគ និងការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍។
គួរបញ្ជាក់ថា ខេត្តព្រះសីហនុ ត្រូវបានរដ្ឋាភិបាលកំណត់គោលដៅសេដ្ឋកិច្ចគំរូពហុបំណង ស្របតាមគោលនយោបាយអភិវឌ្ឍឧស្សាហកម្មឆ្នាំ២០១០-២០២៥។ ផ្អែកលើសកម្មភាពដ៏វិសេសវិសាលនៃធនធានសេដ្ឋកិច្ច និងធនធានធម្មជាតិរួមមានកំពង់ផែអន្តរជាតិ ឆ្នេរនិងកោះដ៏ស្រស់ស្អាត ក្នុងការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគ។
នៅខែវិច្ឆិកាខាងមុខ រាជរដ្ឋាភិបាលគ្រោងនឹងបើកទេសចរក្នុងស្រុក និងឈានទៅបើកទេសចរអាស៊ាន និងទេសចរអឺរ៉ុបឡើងវិញ ដែលនឹងរុញឲ្យមានការកើនឡើងការវិនិយោគ និងហូរចូលទុនពីដៃគូអភិវឌ្ឍ។ មុនផ្ទុះកូវីដ ខេត្តព្រះសីហនុដែលគែប្រដូចទៅទីក្រុងម៉ាកាវរបស់ចិននេះ មានភ្ញៀវទេសចរប្រមាណ ២លាននាក់ មកកម្សាន្តជារៀងរាល់ឆ្នាំ៕