កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត សម្រេចបានប្រមាណ ៨៤% និងអគារអ្នកដំណើរសម្រេចបានប្រមាណ ៧៣% ដោយគ្រោងនឹងបញ្ចប់នៅដំណាច់ឆ្នាំ២០២១ ខាងមុខនេះ ។
ក្នុងពេលចុះពិនិត្យការងារសាងសង់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានលើកពីសមិទ្ធផលកំពង់ផែទេសចរណ៍ខេត្តកំពតដែលកំពុងលេចរូបរាងបណ្តើរៗនេះ នឹងក្លាយជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រដ៏សំខាន់ ក្នុងការធានាសម្រួលដល់ប្រព័ន្ធគមនាគមន៍ជាតិ ក៏ដូចជានឹងក្លាយជាមេដែកដ៏សំខាន់មួយទៀត ក្នុងការស្រូបទាញទេសចរជាតិ-អន្តរជាតិ។


បើតាមលោករដ្ឋមន្រ្តី កំពង់ផែនេះ គឺជាកំពង់ផែទេសចរណ៍អន្តរជាតិ ដែលអាចផ្ទុកទេសចរ និងអ្នកដំណើរប្រមាណ ១ លាននាក់។ កំពង់ផែនេះមានរចនាសម្ពន្ធតាមស្តង់ដាអន្តរជាតិ និងជាកំពង់ផែសម្រាប់អ្នកដំណើរ (មិនមែនជាកំពង់ផែទំនិញឡើយ)។កំពង់ផែនេះនឹងក្លាយជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រយ៉ាងសំខាន់ តភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរទៅកាន់បណ្តាកោះនានានៅភាគខាងត្បូង និងតភ្ជាប់ខេត្តកំពត នៃប្រទេសកម្ពុជា ទៅកាន់ពិភពលោក។


កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ បច្ចុប្បន្នសម្រេចការសាងសង់បានប្រមាណ ៨៤%។ ដោយឡែកការងារអគារអ្នកដំណើរសម្រេចបានប្រមាណ ៧៣% ដោយគ្រោងបញ្ចប់នៅដំណាច់ឆ្នាំ២០២១ ខាងមុខនេះ ។ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត មានទីតាំងស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១៕
