បើទោះបីកម្ពុជាជួបវិបត្តិកូវីដ-១៩ និងជួបឧបសគ្គបញ្ហាប្រឈមមួយចំនួនក្នុងការនាំចេញផលិតផលទៅកាន់ទីផ្សារក្រៅប្រទេសយ៉ាងណាក្តី លទ្ធផលនៃការនាំចេញកសិផលទៅក្រៅប្រទេសនៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២១នេះ មានបរិមាណសរុប ៥ ៩៣២ ៩២៣,៤៣ តោន ទៅកាន់ទិសដៅ ៦៨ ប្រទេស គឺមានការកើនឡើងចំនួន ២ ៧៨៥ ២៣១,៥៧ តោនស្មើនឹង ៨៨,៤៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ៣ ១៤៧ ៦៩១,៨៦ តោន។ នេះបើយោងតាមអគ្គនាយកដ្ឋានកសិកម្មទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ បានឲ្យដឹង។
សម្រាប់បរិមាណអង្ករនាំចេញមានចំនួន ៤១០ ៦៩៨ តោន មានការថយចុះចំនួន ៧៨ ០៧៧ តោន (-១៥,៩៧%) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល៩ខែឆ្នាំ២០២០ ដែលមានចំនួន ៤៨៨ ៧៧៥ តោន ខណៈដែលបរិមាណអង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន២២ប្រទេស មានបរិមាណសរុបចំនួន ១០៤ ២២២តោន (ថយចុះចំនួន ៥៧ ៣៩២ តោន ស្មើនឹង -៣៥,៥១%) ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ២០៣ ២៧៩ តោន (កើនឡើងចំនួន ៣១ ៣៨៣ តោន ស្មើនឹង ១៨,២៦%) ទិសដៅអាស៊ានចំនួន ៧ប្រទេស មានបរិមាណសរុបចំនួន ៤១ ៤៧៦ តោន(ថយចុះចំនួន ២៥ ៩៥៧ តោន ស្មើនឹង -៣៨,៤៩%) និងទិសដៅដទៃទៀតចំនួន២៣ប្រទេស មានបរិមាណសរុប ៦១ ៧២១ តោន (ថយចុះចំនួន ២៦ ១១១តោន ស្មើនឹង -២៩,៧៣%)។
ដោយឡែក ការនាំចេញស្រូវការនាំចេញស្រូវមានចំនួន ២ ៥២៣ ២៦៣ តោន ក្នុងរយៈពេល៩ខែឆ្នាំ២០២១ ទៅកាន់ប្រទេសវៀតណាម (មានវិញ្ញាបនបត្រភូតគាមអនាម័យចំនួន ១ ៦២៧ ៧៤០,០២ តោន) ដែលមានការកើនឡើងចំនួន ១ ១៣០ ៩៥៧ តោន (៨១,២៣%) បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលមានចំនួន ១ ៣៩២ ៣០៦ តោន។
ទន្ទឹមនឹងនោះ ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១ មានចំនួន ៣ ៨៩៤ ៤៨៥,៤១ តោន កើនឡើងចំនួន ១ ២៣៥ ៥៦៨,៥៥ តោន ស្មើនឹង ៤៦,៤៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានចំនួន ២ ៦៥៨ ៩១៦,៨៦តោន។
បើតាមសេចក្តីរាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ការនាំចេញកសិផលសរុបក្នុងរយៈពេល៩ខែឆ្នាំ២០២១ មានកំណើនចំនួន ៨៨,៤៨% ក្នុងនោះកសិផល ក្រៅពីអង្ករមានការកើនឡើងចំនួន ១០៧,៦៩% រីឯការនាំចេញអង្ករមានការថយចុះចំនួន -១៥,៩៧% ដោយសារ កម្ពុជាជួបបញ្ហាប្រឈមនឹងកង្វះប្រភេទទូរកុងតេន័រដែលមានទំហំ២០ហ្វិតសម្រាប់ផ្ទុកអង្ករ និងតម្លៃដឹកជញ្ជូនកើនឡើង៕