នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន តាមរយៈសារជាសំឡេងនៅព្រឹកថ្ងៃពុធ ខែតុលា នេះ បានថ្លែងថា បន្ទាប់ពីបានចាក់វ៉ាក់សាំងស្រោចទូទាំងប្រទេសមក យើងសង្កេតឃើញថា ការឆ្លងរាលដាលជំងឺកូវីដ-១៩ មានការថមថយចុះ។ ដូច្នេះ ទើបមានការវាយតម្លៃ នូវសភាពការណ៍សេដ្ឋកិច្ច ថា នឹងអាចមានកំណើត ២.២ភាគរយ ហើយប្រសិនបើនៅចុងឆ្នាំនេះ យើងអាចបើកដំណើរការសេដ្ឋកិច្ចបាន ជាពិសេសទៅលើ សេវាទេសចរណ៍ផ្ទៃក្នុងប្រទេសជាបឋម កំណើនសេដ្ឋកិច្ចរបស់យើង អាចនឹងលើស ២.២ភាគរយ តាមការវាយតម្លៃនៅក្នុងខែកញ្ញា កន្លងទៅនេះ។
សម្ដេចតេជោ បានលើកឡើងថា សេដ្ឋកិច្ចរបស់យើងបានដំណើរពេញបន្ទុក ទៅលើវិស័យកសិកម្ម និងវិស័យឧស្សាហកម្ម ការនាំចេញរបស់យើង ក្នុងផ្នែកកសិកម្មក្ដី និងឧស្សាហកម្មក្ដី គឺមានកំណើន និងដំណើរការដ៏ល្អ។ បើតាមប្រមុខដឹកនាំកម្ពុជា ស្ថានភាពនេះបានប៉ះពាល់ ទៅលើផ្នែកសេវា ជាពិសេសទៅលើសេវាទេសចរណ៍ គឺបានធ្វើឲ្យកំណើនសេដ្ឋកិច្ចរបស់យើងធ្លាក់ចុះ បើទោះជាថ្មីៗនេះ ការព្យាកររបស់ធនាគារពិភពលោក IMF និងធនាគារអភិវឌ្ឍន៍អាស៊ី បានព្យាករថា កំណើនរបស់យើង នឹងកើនពី ១.៨ភាគរយ ទៅ ២.២ភាគរយ ក៏ដោយចុះ។
សម្តេចតេជោបញ្ជាក់ថា យើងត្រូវខិតខំ ធ្វើឲ្យសេដ្ឋកិច្ចរបស់យើង កាន់តែប្រសើរឡើង ដែលកាលពីដើមឆ្នាំ យើងបានកំណត់ថា ៤.១ភាគរយ ក៏ប៉ុន្តែការបិទខ្ទប់នៅក្នុងខែមេសា និងឧសភា បានកាត់បន្ថយនូវកំណើនសេដ្ឋកិច្ចរបស់យើង។
តែយ៉ាងណាក៏ដោយសម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា ប្រសិនបើប្រជាពលរដ្ឋ អាចការពារខ្លួនបានល្អ ហើយចំនួនអ្នកឆ្លង ឬអ្នកស្លាប់ពុំមានអ្វីធ្ងន់ធ្ងរទេនោះ យើងនឹងទទួលបានរួមគ្នា នូវការបើកដំណើរការសេដ្ឋកិច្ចសង្គមឡើងវិញ។ ខណៈថ្ងៃនេះគឺជាថ្ងៃភ្ជុំបិណ្ឌ ហើយក៏ជាថ្ងៃដែលប្រជាពលរដ្ឋទទួលការសាទរបានធ្វើដំណើរចល័តបំលាស់ទី ពីកន្លែងមួយទៅកន្លែងមួយ ទៅតាមតំបន់ទេសចរណ៍នានា តាំងពីប៉ុន្មានមុនម្លេះ និងអាចនៅថ្ងៃក្រោយបន្តទៀត។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា នេះជាការសាកល្បងធំណាស់ សម្រាប់ប្រទេសរបស់យើង នៅក្នុងសភាពការណ៍ថ្មី បន្ទាប់ពីការចាក់វ៉ាក់សាំងដូសទី២ និងដូសជំរុញថែមទៀត។ សម្ដេចតេជោ មានប្រសាសន៍បន្តថា យើងនឹងតាមដានពិនិត្យអំពីបញ្ហានេះ ដែលចេញពីការសាកល្បងរបស់យើង ដែលមិនមែនជាការសាកល្បងប្រថុយប្រថាននោះទេ។ ក៏ប៉ុន្តែ ក៏មិនមែនជាការច្បាស់លាស់ ១០០ភាគរយ ថាវាគ្មានបញ្ហានោះដែរ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា «យើងបានប្រុងប្រៀបខ្លួន ដើម្បីនឹងទទួលយកនូវសភាពការណ៍អាក្រក់ ដែលអាចនឹងកើតមានឡើង ដូចជាករណីនៅឥណ្ឌា បន្ទាប់ពីពិធីសាសនារួចហើយ ការឆ្លងរីករាលដាល បានបង្កឲ្យមានការស្លាប់ ឆ្លង និងស្លាប់យ៉ាងច្រើន….សម្រាប់កម្ពុជាយើងវិញ ករណីយើងក៏ត្រូវត្រៀមបម្រុងទុក នូវករណីអាក្រក់ ដែលអាចកើតមានឡើង សម្រាប់សុខភាពសាធារណៈ ក៏ដូចជាសុខភាពរបស់ប្រជាជន របស់យើងផងដែរ»៕