នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តពោធិ៍សាត់ ត្រូវបានមើលឃើញថា កំពុងមានសក្ដានុពលសេដ្ឋកិច្ចសំខាន់ៗទៅលើវិស័យពាណិជ្ជកម្ម កសិកម្ម នេសាទ ការទាញយកអនុផលព្រៃឈើ នឹងធនធានថ្មកែវ។ ដើម្បីបង្ហាញពីសក្ដានុពលនៃចម្លាក់ថ្មកែវ អាជ្ញាធរ បានសម្រេចសាងសង់រូបផ្ដិលដ៏ធំនៅចំកណ្ដាលទ្រូងផ្លូវជាតិលេខ៥ នាក្រុងពោធិ៍សាត់ នៅដើមឆ្នាំ២០១៤ ជានិមិត្តសញ្ញាសម្គាល់របស់ខេត្ត។
លោក ឡាច ផេងលី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ បានអះអាងក្នុងការសម្រេចដាក់រូបសំណាកផ្ដិល ជំនួសដើមពោធិ៍ ដែលត្រូវទៅនឹងឈ្មោះខេត្ត និងប្រវត្តិទាក់ទងតាំងពីព្រេងនាយនោះថា ការពិតគេមិនចង់ដាក់រូបសំណាកដើមពោធិ៍ពីរ ឬបីនោះទេ ព្រោះរូបសំណាកដើមពោធិ៍ក៏មានមួយដើមហើយដែរ នៅក្នុងបរិវេណវត្តពោធិ៍មានបុណ្យ ឋិតនៅភូមិដង្កៀបក្ដាម ឃុំស្នាមព្រះ ស្រុកបាកាន។
លោក ឡាច ផេងលី បានបញ្ជាក់ថា «ក្បាច់រចនាបថដែលឆ្លាក់នៅលើផ្ដិលនេះ តំណាងឲ្យពោធិ៍សាត់ ដែលពីយូរលង់ណាស់មកហើយ មានជាងចម្លាក់ក្បាច់ខ្មែរយើងនៅក្នុងឯកសារបង្ហាញថា មានតែខេត្តពោធិ៍សាត់ យើងទេ ដែលឆ្លាក់ថ្មកែវហ្នឹង»។
ការកសាងរូបចម្លាក់ផ្តិល គឺមានរង្វង់មូលផ្តិលមានអង្កត់ផ្ចិត២០ម៉ែត្រ ជើងទម្រផ្តិលមានបីថ្នាក់មានអង្កត់ផ្ចិត១១,២០ម៉ែត្រ កម្ពស់៣,១៥ម៉ែត្រ តួផ្តិតកម្ពស់ដល់គម្របលើប្រវែង៨,៨៥ម៉ែត្រ និងអង្គត់ផ្ចិតផ្តល់ ប្រវែង៦ម៉ែត្រ អាចផ្ទុកទឹកប្រមាណ១៣៥ម៉ែត្រគូប។
រូបភាពសារព័ត៌មាន Fresh news
បើតាមលោក ខូយ សុខា អតីតអភិបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា ប្រជាជនក្នុងខេត្តពោធិ៍សាត់ បានទទួលការបណ្តុះបណ្តាលតាំងពីសម័យសង្គមរាស្រ្តនិយម។ បច្ចុប្បន្ននៅទីរួមខេត្តពោធិ៍សាត់ សម្បូណ៌ទៅដោយចម្លាក់ថ្មកែវជាច្រើនកន្លែង មានកន្លែងលក់ដុំ និងលក់រាយផងដែរ។
ជាមួយគ្នានេះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ បានលើកយកឯកសារសម្អាងចំនួនពីរក្នុងការឲ្យនិយមន័យ និងសរសេរឈ្មោះខេត្តពោធិ៍សាត់ គឺទីមួយវចនានុក្រមសម្ដេចសង្ឃរាជ ជួន ណាត និងទីពីរ សៀវភៅកម្ពុជសុរិយា ដែលបោះពុម្ពនៅឆ្នាំ២០០៣។ យោងតាមឯកសារទាំងពីរនេះបញ្ជាក់ថា ពាក្យ “ពោធិ៍សាត់ (Pursat)” គឺជាពាក្យត្រឹមត្រូវរបស់ខេត្តនេះ មិនមែន “ពោធិសាត់ (Podhisat)” នោះទេ។
រូបភាពបណ្តាញសង្គម
នៅក្នុងឯកសារដដែល បានឲ្យដឹងថា ពោធិ៍សាត់ គឺជាឈ្មោះខេត្តមួយក្នុងកម្ពុជារដ្ឋ នៅជាប់ខាងកើតខេត្តបាត់ដំបង។ តាមពាក្យដំណាលពីព្រេងនាយថា មានដើមពោធិ៍តូចមួយរសាត់ច្រាសទឹកមកជាអស្ចារ្យប្លែក ហើយគេបានស្រង់យកទៅដាំនៅកន្លែងមួយ ដោយហេតុដូច្នេះ ទើបឲ្យឈ្មោះភូមិប្រទេសនោះថា ពោធិ៍សាត់ ព្រោះពាក្យថា រសាត់ និងសាត់ ជាពាក្យតែមួយអាចប្រើជួសគ្នាបាន។ លុះក្រោយមកបានក្លាយជា “ពោធិ៍សាត់” រហូតដល់សព្វថ្ងៃ។
សូមជម្រាបជូនថា ខេត្តពោធិ៍សាត់ មានផ្ទៃដីសរុប ១២,៦៩២គីឡូម៉ែត្រការ៉េ ឋិតនៅភាគខាងលិចនៃប្រទេស មានព្រំប្រទល់ជាប់ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ កោះកុង និងខេត្តបាត់ដំបង។
រូបភាពរដ្ឋបាលខេត្តពោធិ៍សាត់
ទឹកដីនៃភូមិសាស្ត្រខេត្តពោធិ៍សាត់ សម្បូរទៅដោយជួរភ្នំធំៗពីរ គឺតំបន់វាលទំនាប និងតំបន់ទន្លេសាប ខណៈតំបន់ជួរភ្នំក្រវាញ និងភ្នំឱរ៉ាល់ គឺជាភ្នំខ្ពង់ជាងគេនៅក្នុងប្រទេសកម្ពុជា ព្រមទាំងមានភ្នំជាច្រើនដែលមានសក្តានុពលធម្មជាតិ ទឹក រ៉ែ និងព្រៃឈើ។
រូបភាពបណ្តាញសង្គម
តំបន់វាលទំនាបមានសក្តានុពលខាងវិស័យកសិកម្ម គឺដំណាំស្រូវ និងដំណាំផ្សេងៗទៀត។ រីឯតំបន់បឹងទន្លេសាបមានប្រភពទឹកមិនចេះរីងស្ងួន និងព្រៃលិចទឹក ដែលសម្បូណ៌ ទៅដោយជីវៈចម្រុះ មច្ឆជាតិ និងប្រភេទសត្វសាបជាច្រើន៕