កញ្ចប់ថវិកាប្រមាណ ៩ ២០១ លានដុល្លារ រដ្ឋាភិបាលត្រូវការសម្រាប់អនុវត្តគម្រោងវិនិយោគសាធារណៈ

សង្គម​ និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសកាលពីថ្ងៃទី៨ តុលានេះថា ខ្លួនត្រូវការកញ្ចប់ថវិកាប្រមាណ ៩ ២០១ លានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោងវិនិយោគសាធារណៈសរុប ៦៧៣គម្រោង សម្រាប់ឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៤ ដែលក្នុងនោះ ៤៤,២% សម្រាប់អភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្រកាសនេះ ធ្វើឡើងក្នុងគោលបំណងក្នុងការអភិវឌ្ឍ និងកសាងប្រទេសអោយកាន់តែរីកចម្រើន លើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីសម្រួលដល់ការវិនិយោគវិស័យឯកជន ខណៈនៅឆ្នាំ២០២១នេះ រដ្ឋាភិបាលកំពុងដំណើរការនូវ ១៨៦ គម្រោង ដែលមានទុនវិនិយោគប្រមាណ ៥ ៨១៧ លានដុល្លារអាមេរិក។

បន្ថែមលើនេះ រាជរដ្ឋាភិបាល នឹងបន្តចំនួន ៤៨៨ គម្រោងទៀត ដែលត្រូវការទុនវិនិយោគប្រមាណ ៣៣៨៤ លានដុល្លារអាមេរិក។

គួររម្លឹកជូនថា គិតមកដល់ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ បានសន្យាផ្តល់ទុនវិនិយោគ ចំនួន ៧ ៧១៣,៣ លានដុល្លារអាមេរិក រួចមកហើយ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១១ ខែតុលានេះ រដ្ឋាភិបាលប្រទេសជប៉ុន បានសម្រេចផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងជាង ៧២ លានដុល្លារអាមេរិកដល់កម្ពុជា ដើម្បីចូលរួមចំណែកដល់ដំណើរការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក៏ដូចជាជួយពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អដែលមានស្រាប់ និងចំណងមិត្តភាពរវាងប្រទេសទាំងពីរ។

May be an image of 1 person and standing

ជំនួយនេះ​នឹងបែងចែកជាពីរ គឺជំនួយឥណទានសម្បទានលើគម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតនៅខេត្តសៀមរាប ដំណាក់កាលទី២ ដែលមានទឹកប្រាក់សរុបជាង៦លាន​យ៉េន ឬស្មើនឹង៥៨,២១​លានដុល្លារអាមេរិក និងជំនួយហិរញ្ញប្បទានឥតសំណងលើគម្រោងជាច្រើនទៀត ក្នុងនោះ​រួម​មាន គម្រោងគាំទ្រដំណើរការកសាងផែនការបោសសម្អាតមីន និងត្រួតពិនិត្យគុណភាពលើផ្ទៃដីបោសសម្អាត ដែលមានទឹកប្រាក់សរុប២០០លានយ៉េន ឬស្មើនឹង១,៨លានដុល្លារអាមេរិក។ 

ជាមួយគ្នានេះ គម្រោងសម្ភារបច្ចេកទេសសម្រាប់មន្ទីរពិសោធន៍ជាតិសំណង់ ដែលមានទឹកប្រាក់សរុប២៥០លាយ៉េន ឬប្រមាណជា២,២៧លានដុល្លារអាមេរិក ក៏ត្រូវបានផ្តល់ឲ្យផងដែរ។

ដោយឡែក គម្រោងសម្ភារបច្ចេកទេសសម្រាប់ស្ថានីយវាស់វែងអចិន្ត្រៃយ៍ និងជ្ឈមណ្ឌលទិន្នន័យដែលមានទឹកប្រាក់សរុប២៥០លានយ៉េន ឬប្រមាណជា២,២៧លានដុល្លារអាមេរិក គម្រោងបំពាក់ឧបករណ៍សម្ភារនិងបរិក្ខារបច្ចេកទេសសម្រាប់គ្រឹះស្ថានអប់រំ បណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ មានទឹកប្រាក់សរុប៤០០លានយ៉េន ឬប្រមាណ៣,៦៣លានដុល្លារអាមេរិក និងគម្រោងបំពាក់សម្ភារបរិក្ខារនិងគ្រឿងម៉ាស៊ីនក្នុងវិស័យឧស្សាហកម្មគ្រឿងយន្តអេឡិចត្រូនិចនិងមេកានិក នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានទឹកប្រាក់សរុប៥០០លានយ៉េន ឬស្មើនឹង៤,៥៤លានដុល្លារអាមេរិក៕