លោក ឌិន ដែន កសិករដាំតាង៉ែននៅខេត្តបាត់ដំបងដែលមានចម្ការរាប់សិបហិកតាកាលពីមុនធ្លាប់ទទួលរងការកកស្ទះមៀនប៉ៃលិន(តាង៉ែន)រាប់តោន មិនអាចនាំចេញទៅប្រទេសថៃបានកាលពី៣ខែមុន ស្រាប់តែឥឡូវនេះបានប្រកាសប្រាប់ថាលោកនឹងទទួលទិញមៀនប៉ៃលិន(តាង៉ែន) ដែលមានគុណភាព និងទទួលទិញមៀនជំរុះផងដែរពីកសិករខ្មែរនៅបីខេត្តគឺខេត្តបាត់ដំបង ប៉ៃលិននិង បន្ទាយមានជ័យ។
ប្រាប់ឧកញ៉ាញូសន៍តាមទូរសព្ទ លោកឌិន ដែន បានបញ្ជាក់ថាលោកទទួលទិញមៀនប៉ៃលិនក្នុងតម្លៃអាស្រ័យលើហាងឆេងទីផ្សារនៅប្រទេសចិនពោលគឺតម្លៃអាចចាប់ពី ១២០០ រៀល ទៅ ២០០០ រៀល ក្នុងមួយគីឡូ។
លោកបន្ថែមទៀតថា ក្នុងមួយថ្ងៃៗលោកត្រូវការទិញមានប៉ៃលិនក្នុងចំនួនប្រហែលទី ១០ ទៅ ២០ តោន។
បើតាមម្ចាស់ចម្ការតាង៉ែននិងជាឈ្មួញរូបនេះប្រាប់ថា ការប្រមូលផលតាង៉ែនអាស្រ័យលើអាកាសធាតុមិនមានភ្លៀង និងកម្លាំងមនុស្សគ្រប់គ្រាន់។ ចំណែកឯណាយុទ្ធសាស្ត្រទីផ្សារនាំចេញវិញ គឺលក្ខណៈលួចលាក់តាមច្រកព្រំដែនថៃដើម្បីយកទៅលក់បន្តនៅប្រទេសចិន។
លោកបញ្ជាក់ថា ច្រកព្រំដែនថៃបិទមិនឲ្យនាំចូលផ្លែតាង៉ែនពីខ្មែរដោយទូលំទូលាយ ហើយសព្វថ្ងៃអាចនាំផ្លែតាង៉ែនចូលទៅស្រុកថៃដោយថ្ងៃខ្លះក៏នាំចូលបាន និងថ្ងៃខ្លះក៏ពិបាកអាស្រ័យលើស្ថានភាពជាក់ស្តែងនៅច្រកព្រំដែន។
គួររំលឹកផងដែរថា ទីផ្សារមៀន ប៉ៃលិនរបស់កម្ពុជាធ្លាប់បានជួបបញ្ហាដោយសារតែថែបានផ្អាកការនាំចូល ខណៈដែលប្រទេសនេះគឺជាជាទីផ្សារធំសម្រាប់ផ្លែមៀនប៉ៃលិនរបស់កម្ពុជា ស្របពេលដែលរដូវប្រមូលផលផ្លែមៀនប៉ៃលិនក៏បានចូលមកដល់។ មូលហេតុដែលប្រទេសថៃបិទការនាំចូលផ្លែមៀនប៉ៃលិនពីកម្ពុជា ដោយសារប្រទេសចិនដែលជាទីផ្សារធំនាំចេញផ្លែមៀនរបស់ថៃ បានហាមឃាត់ការនាំចូលមៀនពីប្រទេសថៃ បន្ទាប់ពីរកឃើញថាផ្លែមៀនដែលនាំចូលពីថៃមានសត្វល្អិតចង្រៃនៅលើផ្លែមៀន។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានបាងកកប៉ុស្ដិ៍។
ចំណែកឯកម្ពុជាវិញដើម្បីសម្រួលដល់កសិករខ្មែរនិងកាត់បន្ថយផលប៉ះពាល់ ក្រសួងកសិកម្មកម្ពុជាបានគិតគូរពិចារណាបង្វែទិសដៅនាំចេញផ្លែមៀនប៉ៃលិនពីថៃទៅប្រទេសវៀតណាមវិញ។ ប៉ុន្តែដោយវិធានការបង្វែទិសដៅនាំចេញនេះស្ថិតក្នុងដំណាក់ការរង់ចាំនៅឡើយ ក្រសួងកសិកម្មក៏បានអំពាវនាវដលពលរដ្ឋខ្មែរផ្សារទំនើបក្រុមហ៊ុនឬសិប្បកម្មកែច្នៃជួយទិញផ្លែមៀនខ្មែរតាមលទ្ធភាពរៀងៗខ្លួនផងដែរ។
ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលក៏បានបង្កើតក្រុមការងារចុះទិញដល់ចម្ការដើម្បីដោះស្រាយស្ថានភាពជោរជនន់ ដើម្បីសម្រួលការលំបាករបស់ប្រជាកសិករ៕