យោងតាមការឱ្យដឹងរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ដើម្បីជំរុញឱ្យដំណើរការបង់ពន្ធអាករលើរថយន្តមានស្រាប់ក្នុងប្រទេសកាន់តែរលូន រដ្ឋសម្រេចកែសម្រួលជាថ្មីនូវលក្ខខណ្ឌបង់ពន្ធនាំចូលសម្រាប់ រថយន្តមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធនាំចូល និងអាករ រួមទាំងប្រភេទរថយន្តចង្កូតស្ដាំទាំងឡាយ។
ក្នុងន័យន័យនេះ ចំពោះរថយន្តអត់ទាន់បង់ពន្ធនាំចូល និងរថយន្តចង្កូតស្ដាំង អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងបន្ថយតម្លៃពន្ធគយ ទៅតាមស៊េរីឆ្នាំរថយន្តដូចខាងក្រោម៖
– ឆ្នាំម៉ូដែលចាប់ពីឆ្នាំ ២០១៤ ចុះ បន្ថយ ២០%
– ឆ្នាំម៉ូដែលចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៨ បន្ថយ ១៥%
– ឆ្នាំម៉ូដែលចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២០ បន្ថយ ១០%
អាស្រ័យហេតុនេះ សូមម្ចាស់យានយន្តទាំងឡាយ ដែលកំពុងប្រើប្រាស់រថយន្ត មិនទាន់បង់ពន្ធនាំចូល និងរថយន្តចង្កូតស្ដាំ ទូទាំងប្រទេស រួសរាន់យករថយន្តមកបំពេញបែបបទ បង់ពន្ធអាករជូនរដ្ឋឱ្យបានទាន់ពេលវេលា មុនឈានចូលដល់ថ្ងៃផុតកំណត់លើកលែង ជៀសវាងរងការចាប់ផាកពិន័យ និងដាក់ទោសទណ្ឌតាមច្បាប់។
គួរបញ្ជាក់ផងដែរថា ការបន្ធូរបន្ថយនេះ មានឱសាទវាទអនុវត្តត្រឹមថ្ងៃទី ៣១ខែធ្នូ ឆ្នាំ ២០២១។ ហើយចាប់ពីថ្ងៃទី ១ខែមករា ឆ្នាំ ២០២២ រហូតដល់ថ្ងៃទី ៣០ខែមិថុនា ឆ្នាំ ២០២២ គឺជាថ្ងៃឱសាទវាទចុងក្រោយនៃការអនុញ្ញាតឱ្យចូលខ្លួនមកបង់ពន្ធ ដែលម្ចាស់យានយន្ត ត្រូវបំពេញកាតព្វកិច្ចពន្ធ និងអាករពេញលេញដោយគ្មានការអនុគ្រោះបន្ធូរបន្ថយពន្ធឡើយ។
ចំពោះករណីររថយន្តចង្កូតស្តាំវិញ អគ្គនាយកដ្ឋានគយ តម្រូវឱ្យយករថយន្តទៅកែចង្កូតពីស្តាំមកឆ្វេង ឱ្យបានរួចរាល់យ៉ាងយូរត្រឹមថ្ងៃទី ៣០ខែមិថុនា ឆ្នាំ ២០២២។ ក្រោយការប្តូរចង្កូតហើយ ម្ចាស់រថយន្តអាចទទួលបង្កាន់ដៃពន្ធ និងលត្តាបត្ររថយន្តពីមន្ត្រីគយ។
ដោយឡែក ចាប់ពីថ្ងៃទី ១ខែកក្កដា ឆ្នាំ ២០២២តទៅ យានយន្តគ្មានពន្ធដែលបង្ក្រាបបាន នឹងត្រូវតម្រូវឱ្យបង់ពន្ធ និងអាកររួមទាំងប្រាក់ពិន័យតាមច្បាប់។ ឯរថយន្តចង្កូតស្តាំ ដែលជាប្រភេទរថយន្តហាមនាំចូល ក្នុងករណីបង្ក្រាបបាន នឹងត្រូវកំទេចចោល ឬ ដោះបំបែកជាគ្រឿងបន្លាស់៕