វេជ្ជបណ្ឌិត SreyRam Kuy គឺមានដើមកំណើតជាជនជាតិខ្មែរ តែបានធ្វើការភៀសខ្លួនទៅកាន់សហរដ្ឋអាមេរិក អំឡុងសម័យរបបខ្មែរក្រហម ហើយក៏បានចាប់ផ្ដើមកសាងជីវិតថ្មីនៅទឹកដីលោកខាងលិចជាមួយគ្រួសារ រហូតសម្រេចក្ដីស្រមៃក្លាយជាវេជ្ជបណ្ឌិតផ្នែកវះកាត់មួយរូប។
បកទៅមើលពីអតីតកាលបន្តិច Dr. Kuy គឺមានទំនោរស្រលាញ់ចូលចិត្តវិស័យវេជ្ជសាស្ត្រតាំងពីក្មេងម៉្លេះ តែដោយសារកើតមកក្នុងរបបប្រល័យពូជសាសន៍លោកស្រី មិនដែលមានឱកាសគ្រប់គ្រាន់ក្នុងការបង្ហាញទេពកោសល្យខ្លួនឡើយ។
មូលហេតុនៅពីក្រោយការស្រឡាញ់ចូលចិត្តនេះផងដែរ គឺលោកស្រីបានអះអាងថា ដោយសារគ្រួសារលោកស្រីធ្លាប់នៅជំរំនៅប្រទេសថៃ ហើយម្ដាយនិងបងស្រីមានរបួសដោយសារការគប់គ្រាប់បែកពីខាងទាហាន ទើបតម្រូវឲ្យម្ដាយលោកស្រីទទួលបានការវះកាត់ពីអង្គការស្ម័គ្រចិត្តកាកបាទក្រហម ដែលវាបានបញ្ឆេះគំនិតក្មេងស្រីតូចច្រមក់ម្នាក់នាពេលនោះឲ្យមានក្ដីស្រមៃក្លាយជាវេជ្ជបណ្ឌិតវះកាត់។
នៅក្នុងឆ្នាំ ១៩៨១ លោកស្រី និងគ្រួសារបានធ្វើការផ្លាស់ទីលំនៅពីជំរំនៅប្រទេសថៃ ទៅកាន់ប្រទេសហ្វីលីពីន ហើយក៏បានផ្លាស់មកដល់តំបន់ Corvallis តាមរយៈការជួយឧបត្ថម្ភពីមូលនិធិសាសនាគ្រឹស្ត និងបានចាប់យកទីតាំងនេះជាលំនៅឋានជាក់លាក់មួយ។
ជីវិតនៅលើទឹកដីថ្មីពិតជាមិនស្រួលឡើយ បើទោះជា Kuy និងបងស្រី SreyReath រៀនឆាប់ចេះមែន តែឪពុកម្ដាយពួកគេមិនទាន់អាចរកការងារបានជាក់លាក់មួយឡើយនាពេលនោះ ដោយមុនសម័យខ្មែរក្រហម ឪពុកលោកស្រីជាមន្ត្រីរាជការ ខណៈម្ដាយជាគ្រូបង្រៀន។
តែពេលមកដល់ទឹកដីសហរដ្ឋអាមេរិក ឪពុករបស់លោកស្រីទទួលបានការងារជាអ្នកបោសសំអាតនៅ OSU ស្របពេលម្ដាយគឺជាស្ត្រីមេផ្ទះបម្រើការនៅមណ្ឌលថែទាំសុខភាព។
ដោយសារសមត្ថភាពដ៏ពូកែនៅវិទ្យាល័យ Crescent Valley High School លោកស្រីធ្លាប់ទទួលបានឱកាសកម្រគឺ លិខិតអនុញ្ញាតឲ្យចូលរៀននៅសាកលវិទ្យាល័យកំពូល Harvard តែជាអកុសលគ្រានោះលោកស្រីបានបាត់បង់ឪពុកដោយរោគកាចសាហាវមហារីកក្រពះ ដែលធ្វើឲ្យលោកស្រីគិតថាមិនចង់ចាកចេញឆ្ងាយពីគ្រួសារ។ ហើយការសម្រេចចិត្តមួយនេះផងដែរ ជាចំណុចចាប់ផ្ដើមនៃភាពជោគជ័យគ្មានថ្ងៃបំភ្លេចបានរបស់លោកស្រី Kuy។
ដោយសារបោះបង់ឱកាសចូលរៀននៅ Harvard ដូច្នេះ Kuy សម្រេចចិត្តចូលរៀននៅ OSU វិញ ដោយចាប់ជំនាញផ្នែកមីក្រូជីវវិទ្យានិងទស្សនវិជ្ជា។ Kuy បានអះអាងថា ស្របពេលមុខវិជ្ជាមីក្រូជីវវិទ្យាអាចជួយលោកស្រីយល់ច្បាស់ពីបញ្ហាសុខភាព និងជំងឺផ្សេងៗ ហើយជាមួយគ្នានោះការសិក្សាទស្សនវិជ្ជាក៏បានជួយឲ្យអ្នកស្រីអាចគិតបានស៊ីជម្រៅទៅលើបញ្ហាគោលនយោបាយសុខភាព និងការប្រាស្រ័យទាក់ទងគ្នា។
ស្ថិតនៅឆ្នាំចុងក្រោយ Kuy បានសម្រេចចិត្តទៅធ្វើការផ្លាស់ប្ដូរបទពិសោធន៍នៅទីក្រុង Washington, D.C នៅឯការិយាល័យព្រឹទ្ធសភាអាមេរិកសម្រាប់លោក Tom Harkin ដែលជាប្រធានស្ថាបត្យករនៃច្បាប់ជនពិការអាមេរិកឆ្នាំ ១៩៩០។
គ្រានោះហើយដែល Kuy ចាប់ផ្ដើមត្រួសត្រាយផ្លូវមកកាន់អាជីពបច្ចុប្បន្នរបស់អ្នកស្រីសម្រាប់គោលនយោបាយសុខភាព ជាមួយសេចក្ដីព្រាងច្បាប់ស្ដីពីសុខភាពស្ត្រី និងការតស៊ូមតិអនុម័តច្បាប់ការពារ និងព្យាបាលជំងឺមហារីកសុដន់ និងមាត់ស្បូន។
ក្រោយមកអ្នកស្រី និងបងស្រីបានចាប់ផ្ដើមសរសេរសៀវភៅរៀបរាប់ពីបទពិសោធន៍ផ្ទាល់ខ្លួនដែលបានហែលឆ្លងសម័យប្រល័យពូជសាសន៍កាចសាហាវនៅកម្ពុជា ដែលមានឈ្មោះថា The Heart of a Tiger។
ក្រៅពីនោះ Kuy ក៏ធ្លាប់ចុះផ្សាយអត្ថបទជាច្រើននៅលើសារព័ត៌មានល្បីៗដូចជា Huffington Post, Los Angeles Times និង the Washington Post ជាដើម ដែលភាគច្រើនស្ដីពីបទពិសោធន៍ទាក់ទងនឹងជីវិតរស់នៅជាជនភៀសខ្លួន និងការតស៊ូក្នុងនាមជាស្ត្រីភៀសខ្លួនជនជាតិខ្មែរតំបូងបង្អស់ដែលមានអាជីពជាវេជ្ជបណ្ឌិតផ្នែកវះកាត់នៅសហរដ្ឋអាមេរិក។
បើនិយាយពីពានរង្វាន់ដែលអ្នកស្រីទទួលបានវិញ គឺច្រើនស្ទើររាប់មិនអស់ ទាក់ទងនឹងវិស័យការងាររបស់លោកស្រី ដូចជាធ្លាប់ទទួលបានពានរង្វាន់ប្រគល់ជូនដោយផ្ទាល់ដោយអតីតប្រធានាធិបតី President George H.W. Bush’s Daily Points of Light Award ជាដើម៕
ប្រភព: បរទេស