ក្រុមហ៊ុន MENG ZHI LU TRAVEL CO.,LTD. ដែលបានស្នើសុំអាជ្ញាបណ្ណភ្នាក់ងារទេសចរណ៍ និងការីទេសចរណ៍ ដោយជោគជ័យដំបូងគេបង្អស់ តាមរយៈប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី២ និងបានទទួលអាជ្ញាបណ្ណឌីជីថលពី ក្រសួងទេសចរណ៍។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ក្រុមហ៊ុនខាងលេីបានដាក់ស្នើតាមប្រព័ន្ធនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ និងបានទទួលបានការឯកភាព និងអាជ្ញាបណ្ណឌីជីថលនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ដែលចំណាយពេលត្រឹមតែ ៧ ថ្ងៃនៃថ្ងៃធ្វើការ។
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានដាក់ឲ្យដំណើរការប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី២ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១។
ការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានចំណេញពេលវេលា និងកាត់បន្ថយការចំណាយក្រៅផ្លូវការ។ ប្រព័ន្ធចុះបញ្ជីថ្មីនេះតម្រូវឲ្យក្រុមហ៊ុនបំពេញទម្រង់ចុះបញ្ជីអាជីវកម្មតែ ១ លើកគត់ដោយចំណាយពេលយ៉ាងយូរ ៨ ថ្ងៃ។ រាល់ទិន្នន័យរបស់ក្រុមហ៊ុនចុះបញ្ជីអាជីវកម្មនឹ ងត្រូវបញ្ជូនដោយស្វ័យប្រវត្តិទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងការងារ ក្រសួងមហាផ្ទៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារ ដើម្បីត្រួតពិនិត្យនិងអនុម័ត។
ក្រសួង និងស្ថាប័នរដ្ឋយ៉ាងហោចចំនួន ៦ ត្រូវបានដាក់បញ្ចូលក្នុងប្រព័ន្ធអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន រួមមានក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងមហាផ្ទៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារ៕