ការបង្ហាញខ្លួនរបស់រថយន្តម៉ាក Lexus LX 600 ស៊េរីឆ្នាំ2022 កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ បានធ្វើឱ្យមហាជនអ្នកស្រលាញ់ចូលចិត្តរថយន្តប្រណិតនៅជុំវិញពិភពលោក តាមដានមិនដាច់ ពីលក្ខណៈពិសេសរបស់រថយន្ត SUV ខ្នាតធំម៉ូឌែលចុងក្រោយ ដែលដូររូបរាង និងបំពាក់ម៉ាស៊ីនថ្មីតូចជាងមុនមួយនេះ។ យ៉ាងណាមិញ តម្លៃរបស់រថយន្តទំនើបចុងក្រោយផុតលេខ របស់ក្រុមហ៊ុន Lexus ពេលមកដល់ទីផ្សារស្រុកខ្មែរ អាចនឹងកាន់តែធ្វើឱ្យមជ្ឈដ្ឋានអ្នកតាមដាន ភ្ញាក់ផ្អើលក៏ថាបាន។
តាមការឱ្យដឹងពីសំណាក់អ្នកគ្រប់គ្រងទូទៅប្រចាំក្រុមហ៊ុនលក់រថយន្តទំនើប ធំជាងគេនៅប្រទេសកម្ពុជា បានបង្ហើបប្រាប់ Oknha News ពីតម្លៃបឋមរបស់រថយន្តម៉ាក Lexus LX 600 ស៊េរីឆ្នាំ២០២២ នេះថា តម្លៃរថយន្តនេះ ពេលមកដល់ខ្មែរ គិតថ្លៃបង់ពន្ធនាំចូលរួច អាចថ្លៃដល់ជិត ៣០ម៉ឺនដុល្លារ និងជាង ៣០ម៉ឺនដុល្លារ ទៅតាមម៉ូឌែល។
អ្នកគ្រប់គ្រងក្រុមហ៊ុនទិញលក់រថយន្តទំនើប ដែលមានទីតាំងនៅជាប់ សណ្ឋាគារភ្នំពេញ ក្នុងរាជធានីភ្នំពេញរូបនេះ បញ្ជាក់យ៉ាងដូច្នេះថា៖ “ចំពោះតម្លៃជាក់លាក់យើងក៏មិនទាន់ហ៊ានអះអាងឱ្យច្បាស់ដូចគ្នា ដោយសារតែតម្លៃចេញពីរោងចក្រក៏មិនទាន់ប្រកាសផ្លូវការ ហើយថ្លៃពន្ធនាំចូលក៏មិនអាចគណនាចេញដែរ តែផ្អែកតាមបទពិសោធន៍ ដែលក្រុមហ៊ុនធ្លាប់នាំរថយន្តទំនើបជុំវិញពិភពលោកមកលក់ ខ្ញុំអាចប៉ាន់ស្មានបឋមក្រៅផ្លូវការថា ពេលមកដល់ទីផ្សារកម្ពុជា សម្រាប់ម៉ូឌែល Lexus LX 600 ស៊េរី Off-road អាចថ្លៃ ២៨ម៉ឺនដុល្លារ ហើយសម្រាប់ម៉ូឌែល Executive អាចនឹងថ្លៃលើស ៣០ម៉ឺនដុល្លារ”។
ក្រុមហ៊ុន Lexus ទើបតែបានប្រកាសជាផ្លូវការនូវប្រភេទរថយន្តសេរីថ្មីនៃត្រកូល Lx ដូចគ្នា គឺ Lexus Lx 600 ដែលមានរូបរាងខុសគ្នាច្រើនពី Lexus Lx ៥៧០ ពោលគឺមានទំងន់ស្រាលជាង រាងតូចជាង ខ្លីជាង តែខ្លឹមជាងមុន។ រថយន្តប្រភេទ Lexus គឺទទួលបានការកោតសរសើរ ដោយសារធ្លាប់បំពាក់ជាមួយម៉ាស៊ីនកម្លាំងខ្លាំង V-8 តែសម្រាប់ Lexus Lx 600 នេះវិញ នឹងមិនបំពាក់ម៉ាស៊ីន V-8 ទៀតឡើយ និងជំនួសមកវិញដោយម៉ាស៊ីនសាំង V6 3.5L Twin-Turbo ផលិតបានកម្លាំង 409hp ដែលនេះក៏ជារថយន្តត្រកូល Lx ដែលបំពាក់ម៉ាស៊ីនកម្លាំង V-6 មុនគេបង្អស់ផងដែរ។
សម្រាប់ម៉ូដែល Lexus Lx 600 នេះផងដែរ ក៏នឹងមានដាក់លក់ដល់ទៅ ៤ ម៉ូដមានដូចជា ប្រភេទធម្មតា The Premium, Luxury និងប្រភេទ F Sport ខណៈប្រភេទធម្មតាគឺមានកៅអី ២ ជួរ ឬ ៥ កៅអី រីឯ ៣ ម៉ូដទៀតគឺមាន ៣ ជួរ ឬ ៧ កៅអី។ រថយន្ត Lexus Lx 600 នឹងប្រកាសដាក់លក់លើទីផ្សារសហរដ្ឋអាមេរិកនៅឆ្នាំក្រោយ ហើយបើតាមការសន្និដ្ឋានពី CARandDRIVER បាននិយាយថា ប្រភេទធម្មតាអាចស្ថិតនៅខ្ទង់ ៩ ម៉ឺនដុល្លារ ស្របពេល ៣ ប្រភេទទៀតអាចថ្លៃលើសនេះ។
យ៉ាងណាមិញ តម្លៃខាងលើ Oknha News គ្រាន់តែជជីកសួរតម្លៃក្រៅផ្លូវការពីអ្នកជំនាញនាំចូលរថយន្តទំនើបៗមួយកន្លែងប៉ុណ្ណោះ ចំពោះតម្លៃជាក់លាក់នៅមិនទាន់មានបង្ហាញនៅឡើយទេ ដោយសារការប្រកាសជាផ្លូវការទើបនឹងធ្វើឡើង ហើយសម្រាប់ទីផ្សារស្រុកខ្មែរវិញក៏មិនទាន់មាននាំចូលរថយន្តប្រភេទនេះនៅឡើយ៕