ថ្ងៃស្អែកក្រសួងដាក់ដំណើរការប្រព័ន្ធស្កេន «QR Code» បណ្ណចាក់វ៉ាក់សាំងកូវីដឌីជីថល ស្របនឹងលក្ខខណ្ឌ​​បន្ធូរបន្ថយ​ធ្វើ​ចត្តាឡីស័ក

សង្គម​ និង​សេដ្ឋកិច្ច

នៅថ្ងៃចន្ទ ទី១៨ ស្អែកនេះ ក្រសួង​ប្រៃសណីយ៍​និង​ទូរគនាគមន៍នឹងប្រកាសដាក់ឱ្យដំណើរប្រើប្រាស់នូវប្រព័ន្ធស្កេន «QR Code» «បណ្ណចាក់វ៉ាក់សាំងឌីជីថល StopCovidQR Vaccine» ដោយតភ្ជាប់ប្រព័ន្ធ «ទប់ស្កាត់ជំងឺកូវីដ១៩ Stop Covid» ទៅនឹងប្រព័ន្ធទិន្នន័យចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រព័ន្ធ​ស្កេន QR Code ថ្មី​នេះ បង្កើត​ឡើង​ក្រោមកិច្ចសហការរវាងក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍និងក្រុមការងារបច្ចេកទេសនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខណ្ឌទូទាំងប្រទេស និងអនុគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ១៩។

ក្រសួងបានបញ្ជាក់​ថា ​ការបង្កើតប្រព័ន្ធស្កេននេះ ធ្វើ​ឡើង​ដើម្បីជួយសម្រួលដល់ការស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹងជំងឺកូវីដ១៩ គ្រប់គ្រងការធ្វើចត្តាឡីស័ក និងបង្ហាញព័ត៌មានអំពីការចាក់វ៉ាក់សាំងកូវីដ-១៩ របស់បុគ្គលម្នាក់ៗ។ បន្ថែមពីនេះ ប្រព័ន្ធស្កេន QR Code ថ្មីនេះ ក៏ជួយបញ្ចៀសហានិភ័យនៃ​ការចម្លងនូវជំងឺកូវីដ១៩ តាមរយៈការកាត់បន្ថយការប៉ះពាល់ដោយផ្ទាល់ក្នុងការត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំង ដោយមិនចាំបាច់តម្រូវយកបណ្ណចាក់វ៉ាក់សាំងតាមខ្លួនគ្រប់ពេល ឬភ័យខ្លាចពីការបាត់បណ្ណ និងខូតខាតបណ្ណនោះទេ។ និងចុងក្រោយ វា​អាចកាត់បន្ថយហានិភ័យពីការក្លែងបន្លំលើបណ្ណចាក់វ៉ាក់សាំងជាដើម។

ស្របពេលជាមួយគ្នា ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ស្អែក ក៏សម្រេចបន្ថូរបន្ថយ​លក្ខខណ្ឌ​នៃការ​ធ្វើ​ចត្តាឡីស័ក សម្រាប់អ្នកដំណើរ​ចូលមកកម្ពុជា។

ក្រសួងសុខាភិបាលគូសបញ្ជាក់ថា ការ​កាត់​បន្ថយចំនួន​ថ្ងៃ​ធ្វើ​ចត្តាឡីស័ក​នេះ ​ដោយសារតែ​កម្ពុជា​មាន​អត្រា​អ្នក​ចាក់​វ៉ាក់សាំង​លើសគោលដៅដែលបាន​គ្រោងទុក។ ជាមួយនឹងមោទនៈភាព​នេះ កម្ពុជា​សម្រេច​បើក​ប្រទេសឡើងវិញជាបណ្តើរៗ​ និង​តាមដំណាក់​កាល​ដោយមានការ​ប្រយ័ត្នប្រយែង​ តាម​គន្លង​ប្រក្រតីភាពថ្មី។

សម្រាប់វិនិយោគិន បុគ្គលិកជំនាញបច្ចេកទេសទាំងជនជាតិខ្មែរ និងបរទេស មន្ត្រីការទូត មន្ត្រីអនុវត្តគម្រោងសហប្រតិបត្តិការផ្លូវការ និងមន្ត្រីរាជការរបស់រដ្ឋាភិបាល ដែលត្រលប់មកពីក្រៅប្រទេស ពេលមកដល់​កម្ពុជា ការ​ធ្វើ​ចត្តាឡីស័ក ត្រូវបានកាត់​បន្ថយមកនៅត្រឹមរយៈពេលតែ៣ថ្ងៃប៉ុណ្ណោះ ប្រសិនបើអ្នកទាំងនោះ មិនមានកូវីដ១៩។ នេះក៏រួមបញ្ចូលផងដែរ ក្រុមគ្រួសាររបស់ក្រុម អាទិភាពទាំងនេះ។

ដោយឡែក សម្រាប់អ្នកដំណើរទូទៅទាំងជនជាតិខ្មែរ និងបរទេស ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​រួច​រាល់ ការ​ធ្វើ​ចត្តាឡីស័ក​គឺត្រូវបាន​កាត់​បន្ថយ​មកនៅត្រឹម​តែរយៈ​ពេល​៧ថ្ងៃប៉ុណ្ណោះ។ ប៉ុន្តែត្រូវអនុវត្តរបបចត្តាឡីស័កចំនួន១៤ថ្ងៃ ចំពោះអ្នកដំណើរគ្រប់ប្រភេទដែលមិនបានចាក់វ៉ាក់សាំងការពារកូវីដ១៩ ឬមិនទាន់បានចាក់វ៉ាក់សាំងដូសមូលដ្ឋាន​បានពេញលេញ៕