បន្ទាប់ពីសម្ងំបិទទ្វារមួយរយៈ ដោយសារតែចូលរួមទប់ស្កាត់ជំងឺកូវីដ ស្របតាមការណែនាំរបស់ថ្នាក់ដឹកនាំ និងក្រសួងសុខាភិបាល ពេលនេះ ភោជនីយដ្ឋាន ហ្សឹម (ZEM) របស់លោក ស្រេង ឈាងឡេង បានប្រកាសបើកទ្វារស្វាគមន៍ភ្ញៀវឡើងវិញហើយ។


ជុំវិញការប្រកាសបើកដំណើរការភោជនីយដ្ឋាន ZEM ជាថ្មីនេះដែរ លោក ឈាងឡេង អគ្គនាយក និងជាស្ថាបនិកក្រុមហ៊ុន ឈាងទ្បេង អុិនវេសមុិន ឯ.ក បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ការសម្រេចបើកដំណើរការភោជនីយដ្ឋានវិញលើកនេះ ស្របពេលដែលប្រមុខរាជរដ្ឋាភិបាល ចាប់ផ្ដើមបើកភ្លើងខៀវ បើកដំណើរការសង្គម និងសេដ្ឋកិច្ចឡើងវិញ។ ម្យ៉ាងទៀត ខាងលោក ក៏នឹងបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីធានាសុវត្ថិភាពជូនភ្ញៀវ និងបុគ្គលិក។



លោក បន្ថែមថា ដើម្បីចូលរួមបន្តវិធានសុខាភិបាល ៣ការពារ ៣កុំ ភោជនីយដ្ឋាន ហ្សឹម សូមអធ្យាស្រ័យទុកជាមុន និងតម្រូវឱ្យភ្ញៀវដែលអញ្ជើញមកពិសារភោជនីអាហារ ស្ដាប់ភ្លេង មានកាតចាក់វ៉ាក់សាំងការពារកូវីដ១៩ គ្រប់ចំនួនដូសប៉ុណ្ណោះ។
គួរបញ្ជាក់ថា ដោយសារតែវិបត្តិកូវីដ១៩ កន្លងមក អ្នកជំនួញវិស័យអចលនទ្រព្យ និងជាសិល្បៈករមួយរូបផងនោះ បានបិទដំណើរការភោជនីយដ្ឋាន ZEM ជាបន្តបន្ទាប់ ហើយក៏ខាតលុយអស់ខ្ទង់ម៉ឺនដុល្លារមិនតិចផងដែរ។ បន្ទាប់ពីមានការប្រកាសឱ្យអាជីវកម្មមួយចំនួនបើកដំណើរការឡើងវិញ លោកថា សព្វថ្ងៃភោជនីយដ្ឋាន ហ្សឹម កំពុងទទួលបានការគាំទ្រពីសំណាក់អតិថិជនចាស់ និងថ្មីឡើងវិញជាបណ្ដើរៗហើយ។



ទន្ទឹមនឹងការបើកទ្វារស្វាគមន៍អតិថិជនឡើងវិញនេះដែរ ភោជនីយដ្ឋាន Zem Restaurant & Pub ក៏ត្រូវការជ្រើសរើស បុគ្គលិកបន្ទាន់គ្រប់ផ្នែកជាច្រើននាក់ ដេីម្បីបំពេញការងារក្នុងភោជនីយដ្ឋានផងដែរ។ Zem Restaurant & Pub មានទីតាំងស្ថិតនៅ នៅម្ដុំឈូកវ៉ា៣ ទល់មុខព្រលានយន្តហោះពោធិចិនតុង ក្រោយវត្តតាំងកសាង បើកដំណើរការរៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៥ល្ងាច តទៅ។ លេខទូរស័ព្ទទំនាក់ទំនងជ្រើសរើសបុគ្គលិក៖ 016 44 12 44 ៕