ពីរនាក់បងប្អូនចាប់ដៃគ្នាបង្កើតអាជីវកម្មកែច្នៃភោគផលកសិកម្មក្នុងស្រុក ដើម្បីរួមចំណែកជួយទ្រទ្រង់ទីផ្សារកសិកម្មនៅកម្ពុជា និងបង្កើនការងារជូនប្រជាពលរដ្ឋក្នុងតំបន់។
ម្ចាស់សិប្បកម្មវ័យក្មេងអាយុត្រឹម២៨ឆ្នាំ យុវជន អ៊ុយ ចេងហេង បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកវិស្វកម្មឧស្សាហកម្មពីសកលវិទ្យាល័យ Mahidol នៅប្រទេសថៃ និងប្អូនស្រីបង្កើតគឺកញ្ញា អ៊ុយ សុធារីណា អាយុ២៤ឆ្នាំ ជានិសិត្សបញ្ចប់ការសិក្សាពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឬតិចណូ ផ្នែកគីមីចំណីអាហារ។
សិប្បកម្មដែលបានវិនិយោគក្នុងទឹកប្រាក់ប្រមាណ៣០ម៉ឺនដុល្លារ គឺបានចាប់ផ្តើមដំណើរការនៅចុងឆ្នាំ២០២០ ប៉ុន្តែទើបតែបានបញ្ចេញផលិតផលលក់នៅលើទីផ្សារកាលអំឡុងខែមីនាឆ្នាំ២០២១នេះប៉ុណ្ណោះ។
ផ្តល់បទសម្ភាសន៍ជាមួយឧកញ៉ាញូសហ៍ លោក អ៊ុយ ចេងហេង ជាស្ថាបនិកសហគ្រាស ណាវីតា ហ៊ែលស៊ី ហ្វូដ & បេវើរីច ឯ.ក (Navita Healthy Food & Beverages Co., LTD) បានឲ្យដឹងថា សហគ្រាសណាវីតា ជាសហគ្រាសកែច្នៃផ្លែឈើស្រស់ ឲ្យទៅជាតំណាប់ បែបសុខភាព ដែលបានបង្កើតឡើងនៅកំឡុងដើមឆ្នាំ២០២០ នៅលើទឹកដីខេត្តបាត់ដំបងរហូតមកដល់ពេលនេះគឺបានមួយឆ្នាំពេញហើយ។ សហគ្រាសមានផលិតផលដូចជាដំណាប់សម្ងួត និងដំណាប់ផ្លែឈើក្នុងកែវ ដែលច្នៃចេញពីស្វាយ ម្នាស់ ស្រកានាគស ស្រកានាគក្រហម តាង៉ែន(មៀននប៉ៃលិន) និង ប៉េងប៉ោះជាដើម។
គោលការណ៍របស់សហគ្រាសផ្តោតលើគុណភាពបានន័យថា អតិថិជនទទួលទានផលិតផលប្រកបដោយសុវត្ថិភាពដែលមិនប៉ះពាល់ដល់សុខភាព ខុសពីផលិតផលនាំចូលមួយចំនួន ដោយសារមានការលាយសារធាតុបន្ថែមដូចជាស្ករ អាស៊ីត ដាក់សាធាតុគីមីរក្សាទុកបានយូរ។
“លក្ខណៈពិសេសរបស់ផលិតផលនៅសហគ្រាសណាវីតា គឺតាមពិតទៅវាមិនមែនជាដំណាប់នោះទេ ប៉ុន្តែខ្មែរយើងភាគច្រើនហៅថាដំណាប់ផ្លែឈើ តែវាជាផ្លែឈើសំងួត ព្រោះយើងអត់បានដាក់ស្ករទេ ពោលគឺបើសិនជាដាក់ស្ករនោះទើបហៅថាដំណាប់ផ្លែឈើ។ អញ្ចឹងលក្ខណៈពិសេសរបស់យើងគឺជាផ្លែឈើសម្ងួត ដែលមិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ ជាអ្វីដែលខាងយើងផ្ដោតទៅលើ សូម្បីតែមៀនក្នុងកែវក៏យើងអត់ដាក់ស្ករច្រើនដែរ អីចឹងនៅពេលអតិថិជនទិញយកទៅបរិភោគបានសរសើរថាឆ្ងាញ់ ហើយរសជាតិវាគឺផ្អែមតិចជាងផលិតផលនាំចូល មិនទ្រលាន់ឆ្ងាញ់ នេះជា feedback ទទួលបានពីអតិថិជនមកវិញ”។
សហគ្រាសណាវីតា កំពុងកែច្នៃភេសជ្ជៈសុខភាពចេញពីផ្លែមៀន គឺទឹកផ្លែមៀនតែមានលក្ខណៈពិសេសប្លែកពីគេដែលត្រៀមនឹងចេញក្នុងពេលឆាប់ៗផងដែ។ បើតាមយុវជនវ័យក្មេងដែលមានគំនិតលើជំនួញរូបនេះ ចក្ខុវិស័យនៃសហគ្រាសដែលលោកចាប់ដៃគូជាមួយប្អូនស្រីបង្កើតគឺចង់នាំចេញទៅក្រៅប្រទេស ព្រោះថាមានតែការនាំចេញទេទើបធ្វើឲ្យទីផ្សារកាន់តែទូលំទូលាយ។
អ៊ុយ ចេងហេង បានបញ្ជាក់ថា បើកែច្នៃផលិតផលនៅក្នុងស្រុក ទោះបីកែច្នៃទៅជាសម្ងួតយ៉ាងណាក៏ដោយក៏មិនមែនជាទីផ្សារគោលដៅ ព្រោះយ៉ាងណាប្រជាជននៅតែញ៉ាំផ្លែឈើស្រស់ជាជាងញ៉ាំផ្លែឈើសំងួត ប្រាកដណាស់ណាស់ប្រជាជននឹងបរិភោគផ្លែឈើសំងួតដែរតែមានលក្ខណៈតិចតួច។
យុវជនរូបនេះការនាំចេញនៅលើទីផ្សារក្រៅប្រទេស ដើម្បីមានឱកាសពង្រីកខ្លួនបានធំទូលាយ កាលណាទីផ្សារកាន់តែធំ ក៏អាចជួយកសិករដែលដាំផ្លែឈើបានច្រើនជាពិសេសជួយឲ្យប្រជាជនមានការងារធ្វើបាន។
ដោយសារបរិបទសម័យកូវីដធ្វើឱ្យក្រុមហ៊ុនទើបបង្កើតបានក្មេងខ្ចីនេះ ប្រឈមបញ្ហាខ្លះៗក្នុងការនាំចេញផលិតផលទៅក្រៅស្រុក ស្របពេលដែលជំងឺកូវិតផ្ទុះមានច្រើនផងនោះ ក្រុមហ៊ុនបន្តធ្វើទីផ្សារក្នុងស្រុក ដោយព្យាយាមធ្វើទីផ្សារខ្លួនឯងនៅលើឌីជីថលម៉ាឃិតធីង គឺធ្វើការលក់អនឡាញនៅលើផេកហ្វេសប៊ុកជាដើម។
បច្ចុប្បន្នផលិតផលរបស់សហគ្រាសណាវីតា ហ៊ែលស៊ី ហ្វូដ & បេវើរីច ឯ.ក មានលក់នៅតាមបណ្ដាម៉ាតនៅភ្នំពេញមួយចំនួន។ ក្រុមហ៊ុនបានសិក្សាទៅលើម៉ាតមួយចំនួនដែលមានអតិថិជនគោលដៅ ជាពិសេសម៉ាត់ដែលផ្ដោតទៅលើសុខភាពបរិភោគបន្លែសុខភាពបន្លែធម្មជាតិផ្សេងៗ។
គូសបញ្ជាក់ផងដែរថាលោក អ៊ុយ ចេងហេង បានចាប់ផ្ដើមបង្កើតសិប្បកម្មកែច្នៃផ្លែឈើស្រស់នេះ នៅដើមឆ្នាំ២០២០ សម្រាប់ផ្គត់ផ្គង់ក្នុងស្រុកផង និងនាំចេញទៅកាន់រាជាធានី- ខេត្តផ្សេងៗនិងបានទទួលការគាំទ្រនិងជំនួយគ្រប់ទម្រង់រូបភាព ពីអង្គការ Cambodia Harvest II ផងដែរ។ មិនតែប៉ុណ្ណោះសហគ្រាសប្ដេជ្ញានឹងខិតខំកែច្នៃភោគផលកសិកម្មក្នុងស្រុក និងធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិក្នុងពេលដ៏ខ្លី ដើម្បីចូលរួមចំណែកក្នុងការជួយទ្រទ្រង់ទីផ្សារកសិកម្មនៅកម្ពុជាបានមួយផ្នែក និងបង្កើនការងារជូនប្រជាពលរដ្ឋក្នុងតំបន់ទៀតផង៕