តម្លៃប្រេងសាំងពិភពលោក បានឡើងដល់កម្រិតខ្ពស់បំផុត មិនធ្លាប់មានសោះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ តាមការកត់សម្គាល់ នៅតាមការ៉ាស់លក់ប្រេងឥន្ធនៈធំៗមួយចំនួននៅកម្ពុជា សាំងធម្មតា តម្លៃប្រហាក់ប្រហែល ៤៣០០រៀល/លីត្រ ឯសាំងប្រភេទស៊ុបព៉ែតម្លៃខ្ទង់ ៤៨០០រៀល ខណៈម៉ាស៊ូតថ្ ៤០០០រៀល/លីត្រ។ តើមូលហេតុចម្បងអ្វីខ្លះ នៅពីក្រោយតម្លៃប្រេងសាំងមួយលីត្រជិត ៥ពាន់រៀលនេះ?
ចម្លើយនៅត្រង់ថា តម្រូវការប្រើប្រាស់សកលមានការហក់ឡើងវិញ ពេលវិធានការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ ទូទាំងពិភពលោកត្រូវបន្ធូរបន្ថយ។ ការណ៍នេះ ជាហេតុជំរុញឲ្យឧបករណ៍ផលិតថាមពល ងាកចេញពីការប្រើប្រាស់ហ្គាស និងធ្យូងថ្មថ្លៃៗ ទៅប្រើប្រេងឥន្ធនៈ និងប្រេងម៉ាស៊ូតកាន់តែច្រើនឡើងៗផងដែរ។ តម្លៃប្រេងឆៅម៉ាក Brent បានកើនឡើង ៨៧សេន ឬ ១ភាគរយ ពោលគឺស្មើនឹង ៨៥.៧៣ដុល្លារក្នុងមួយបារ៉ែល ជាតម្លៃខ្ពស់បំផុត គិតចាប់តាំងពីខែតុលា ឆ្នាំ២០១៨មក។
ចំណែកប្រេងឆៅម៉ាក U.S. West Texas Intermediate (WTI) បានឡើងថ្លៃ ១.១២ដុល្លារ ឬ ១,៤% ដល់ ៨៣.៤០ ដុល្លារក្នុងមួយបារ៉ែល ដែលជាកម្រិតខ្ពស់បំផុតគិតចាប់ពីខែតុលាឆ្នាំ ២០១៤មក។ អ្នកជំនាញអន្តរជាតិ លើកឡើងថា៖ “ការបន្ធូរបន្ថយ ការរឹតត្បិតនៅជុំវិញពិភពលោក គឺជាមូលហេតុស្នូល បង្កើនសន្ទុះនៃការប្រើប្រាស់ប្រេងឥន្ធនៈនៅជុំវិញពិភពលោកឡើងវិញ”។
ដោយឡែក ប្រទេសមហាអំណាចពិភពលោក ដូចជាសហរដ្ឋអាមេរិក បានកំណត់ថា នឹងបើកព្រំដែនរបស់ខ្លួន ចំពោះអ្នកទេសចរបរទេសដែលចាក់វ៉ាក់សាំងរួច នៅខែក្រោយ។ នេះជាសញ្ញាថា តម្រូវការប្រេងសាំង នៅជុំវិញពិភពលោក ក៏នឹងចាប់ផ្ដើមកើនឡើងដូចគ្នានេះដែរ។ តាមនិយាមសេដ្ឋកិច្ច កាលណាតម្រូវការកើនឡើង ការផ្គត់ផ្គង់ក៏កើនឡើង ហើយចំពោះតម្លៃក៏នឹងកើនឡើងដូចគ្នា ជៀសមិនរួចឡើយ។
ងាកមកតាមដានបច្ចុប្បន្នភាព តម្លៃប្រេងសាំងនៅកម្ពុជាវិញ នាថ្ងៃទី១៨ ខែតុលា ក្រសួងពាណិជ្ជកម្ម បានជូនដំណឹងថា តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ តម្លៃនេះមិនមែនក្រសួង ជាអ្នកកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាទេ គឺក្រសួងស្រង់តាមតម្លៃឡើង-ចុះ នៃប្រេងតាមទីផ្សារអន្តរជាតិមកគណនាតែប៉ុណ្ណោះ៕