ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋម្ត្រីក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលថ្ងៃបុណ្យខួបឯករាជ្យជាតិលើកទី៦៦ និងជាឱកាសហូបអំបុកទូទាំងប្រទេសកម្ពុជា បានបញ្ចេញស្នាដៃផលិតអំបុកពិតៗ នៅក្នុងបរិវេណភូមិគ្រឹះរបស់លោក ដោយលោកបានស្ទុងស្រូវហើយច្រូតស្រូវផ្ទាល់ដៃតែម្តង។
យោងតាមសារ និងរូបថត ផ្សាយនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន បានឲ្យដឹងថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានច្រូតស្រូវទើបទុំស្រស់ៗ ពីវាលស្រែនៅក្នុងបរិវេណភូមិគ្រឹះតែម្តង ចំណែកទឹកត្នោត ដូង ចេក និងផល្លានុផលដដៃទៀត ក៏ប្រមូលបានពីការដាំដុះនៅជុំវិញភូមិគ្រឹះរបស់លោកផងដែរ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ថែមទៀតនោះ គឺសកម្មភាពដាល់អំបុកស្រស់ៗ ត្រូវបានរៀបចំឡើង នៅក្រោមម្លប់ដើមត្នោត នៅជិតភូមិគ្រឹះដ៏ស្កឹមស្កៃ ស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកជំទាវជាភរិយា និងកូនៗ ចៅៗ ព្រមទាំងក្មួយៗផងដែរ ដែលស្លៀកពាក់បែបប្រពៃណីជាតិខ្មែរ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានសរសេរសារយ៉ាងខ្លីថា «ថៃ្ង៩ វិច្ឆិកា ជាបុណ្យឯករាជ្យជាតិ យើងនាំគា្នច្រូតស្រូវ ដាល់អំបុក ហូបអំបុក លាយទឹកត្នោតជួបជុំគ្រួសារយ៉ាងសប្បាយរីករាយទូទាំងនគរខ្មែរ ដោយសារមានសន្តិភាព ស្ថេរភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ (ហ៊ុន សែន ជាប្រមុខដឹកនាំ)»៕