រដ្ឋសភាជាតិ នៅព្រឹកថ្ងៃទី២៥ តុលានេះ បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការបំពេញបន្ថែមសមាសភាពសមាជិក នៃរាជរដ្ឋាភិបាលដល់លោក ប៉ា សុជាតិវង្ស អតីតបាលរាជធានីភ្នំពេញ ជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ដោយទទួលបាន ១១០សម្លេង ក្នុង១១១សម្លេង និងមោឃៈ ១សម្លេង។
ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជ្រើសតាំងលោក ប៉ា សុជាតិ ជាសមាជិកបន្ថែមរបស់រាជរដ្ឋាភិបាល គឺឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តកម្មវិធីនយោបាយឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។
សូមជម្រាបជូនថា លោក ប៉ា សុជាតិវង្ស ធ្លាប់បានបំពេញតួនាទីជាតំណាងរាស្ត្រ, ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ, អភិបាលរាជធានីភ្នំពេញ, អភិបាលរងរាជធានីភ្នំពេញ, អភិបាលរងខេត្តបាត់ដំបង, អភិបាលរងខេត្តកំពង់ធំ, អភិបាលខណ្ឌដូនពេញ និងជាអនុប្រធានគណៈឃោសនាអប់រំក្រុងភ្នំពេញ សម័យសាធារណរដ្ឋកម្ពុជាផងដែរ។