ក្រុមហ៊ុនជប៉ុនមួយមានបំណងចង់វិនិយោគដាំដំណាំដំបងយក្សនិងកែច្នៃជាចំណីអាហារនិងទឹកផ្លែឈើ។ នេះបើយោងតាមលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី២៥ ខែតុលាឆ្នាំ២០២១ ដែលបានជួបពិភាក្សាជាមួយដៃគូជប៉ុនតាមប្រព័ន្ធ zoom។ ក្រុមហ៊ុនជប៉ុនមានបំណងចូលរួមអភិវឌ្ឍន៍ដំណាំកសិកម្មនៅតំបន់ ដែលបោសសំអាតគ្រាប់មីនរួចក្នុងនោះក៏មានគម្រោងដាំដំណាំដំបងយក្សនៅកម្ពុជាផងដែរ។ យ៉ាងណាមិញការប្រកាសពីគម្រោងដាំដើមដំបងយក្សដើម្បីផលិតជាចំណីអាហារ និងទឹកផ្លែឈើនេះ មិនទាន់មានព័ត៌មានលម្អិតយ៉ាងណានោះទេ។ បើតាមអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ក្រុមហ៊ុនជប៉ុននេះមានពូជដំណាំដំបងយក្សជាពិសេសរបស់គេសម្រាប់ផលិតជាចំណីអាហារនិងទឹកផ្លែឈើ ខណៈផលិតផលនេះមានទីផ្សារធំទូលាយរួចហើយ។ បើតាមប្រភពដដែល គម្រោងសាកល្បងនេះអាចនឹងមានសិក្សាលំអិតពីផលប្រយោជន៍ខាងសេដ្ឋកិច្ចនិងសង្គមឱ្យបានច្បាស់លាស់បន្ថែមទៀត៕