មានប្រសាសន៍ក្នុងពិធីបិទកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន នៅថ្ងៃចន្ទម្សិលមិញ នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឲ្យដឹងថា ក្នុងស្មារតីបុរេសកម្មសំដៅលើកកម្ពស់ការចូលរួមរបស់វិស័យឯកជន ក្នុងការស្តារនិងជំរុញកំណើនសេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាល ប្រកាន់ភ្ជាប់នូវអភិក្រមនៃការប្រែក្លាយវិបត្តិទៅជាកាលានុវត្តភាពតាមរយៈការដាក់ចេញនិងជំរុញការអនុវត្តនូវគោលនយោបាយ និងវិធានការសំខាន់ៗ មួយចំនួន។
បើតាមសម្តេចតេជោ ហ៊ុន សែន អភិក្រម និងការដាក់ចេញនូវគោលនយោបាយទាំងនោះរួមមាន៖ ”ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា “២០២១-២០៣៥” និង “ច្បាប់ស្តីពីវិនិយោគថ្មីៗ”ព្រមជាមួយនឹង ការបញ្ចប់នូវច្បាប់ស្តីពី “ភាពជាដៃគូរវាងរដ្ឋនិងឯកជន”. ,”កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន” និង “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ”ដែលនឹងចូលជាធរមាន ក្នុងពេលឆាប់ៗខាងមុខនេះ។
សម្តេចនាយករដ្ឋមន្រ្តី បន្តថា៖ “កម្ពុជានឹងបន្តជំរុញដំណើរការកសាងសហគមន៍អាស៊ានការធ្វើពាណិជ្ជកម្ម វិនិយោគ និងកិច្ចសហប្រតិបត្តិការជាមួយនឹងដៃគូ សំដៅស្តារឡើងវិញនូវកំណើនសេដ្ឋកិច្ច និងប្រែក្លាយអាស៊ានឱ្យទៅជាតំបន់ដែលមានសុខសន្តិភាព ភាពធន់និងការអភិវឌ្ឍន៍”។
បន្ថែមលើនេះ សម្តេចតេជោបានគូសបញ្ជាក់ថា សម្រាប់ការគ្រប់គ្រងការរីករាលដាលនៃជំងឺកូដ-១៩ រាជរដ្ឋាភិបាល សម្រេចការចាក់វ៉ាក់សាំងបានជាង ១៣,៦ លាននាក់សមមូលនឹងអត្រា ៨៥,២៧% នៃចំនួន ប្រជាជនសរុប១៦លាននាក់ គិតត្រឹមថ្ងៃទី២១ ខែតុលា ២០២១។
ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាល បានកំពុងជំរុញការបើកដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញឲ្យបានពេលលេញក្នុងបរិបទនៃប្រក្រតីភាពថ្មី ហើយក៏គ្រោងនឹងដាក់ចេញ “យុទ្ធសាស្ត្រស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមកន្លងប្រក្រតីភាពថ្មី” នៅចុងឆ្នាំ ២០២១៕